ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាអភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់គណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅទីស្នាក់ការកាកបាទក្រហមខេត្ត។
ក្នុងឱកាសនោះលោក ប្រធានអង្គប្រជុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំញសកម្មភាព វិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រេចបានលទ្ធផល គួរឱ្យកត់សម្គាល់ ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា- ការថែទាំសុខភាពសហគមន៍- ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា ។
លោកប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីវិធានការមួយចំនួន ជាអាទិ៍ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើង ។ ទន្ទឹមនឹងការរៀបចំផែនការ បន្ត ចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត៎ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម រួមទាំងជម្ងឺកូវីដ-១៩ តាមមូលដ្ឋាន នោះ គ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ លើកកំពស់សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ ឱ្យពួកគេក្លាយជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនកាកបាទក្រហមកម្ពុជា៕
ដោយ៖ អ្នកប្រមាញ់