ខេត្តកណ្ដាល ៖ កូនប្រុសចិត្តអប្រិយម្នាក់ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិតនិងផឹកស្រារហូតបាត់បង់ស្មារតី បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន ហើយមិនត្រឹមតែប៉ុណ្ណោ ថែមទាំងគំរាមសម្លាប់ឪពុករបស់ខ្លួនទៀតផង ដែលជាហេតុធ្វើឱ្យឪពុកភ័យក៏រត់ទៅប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនតិរច្ឆានរូបនោះ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៦និង០០នាទី នៅ ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លុន ថា ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ (ត្រូវជាឪពុកបង្កើត)។ ចំណែកជនសង្ស័យឈ្មោះ ថា សំណាង ហៅខួច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាកូនបង្កើត)។សម្ភារខូចខាត: បែកបាក់ទ្វារជ័រចំនួន០១ ។
ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យឧស្សាហ៍រករឿងឈ្លោះជាមួយឪពុកម្ដាយនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះជាច្រើនលើក ហើយត្រូវបានសមត្ថកិច្ចហៅទៅយកទៅធ្វើការអប់រំ ណែនាំជាច្រើនលើកមកហើយ។ ជនសង្ស័យជាអ្នកប្រើប្រាស់សារធាតុញៀននិងផឹកស្រាជាប្រចាំ រហូតដល់មានសតិមិនប្រក្រតី។ នៅអំឡុងឆ្នាំ២០២០ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ហើយតុលាការបានកាត់ទោសដាក់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០២ឆ្នាំពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ជនសង្ស័យបានយកចានបាយគប់ទៅផ្លូវថ្នល់បណ្ដាលឲ្យបែកខ្ចាយ និងនិយាយគំរាមកំហែងឪពុកម្តាយដែលជាជនរងគ្រោះថា ប្រយ័ត្នអញកាប់ដាច់កទាំំងអស់គ្នា ។ លុះមកដល់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង ៦:០០នាទី ជនសង្ស័យបានយកមេសោដើរឆ្លេឆ្លាបម្រុងគប់ទៅផ្លូវមុខផ្ទះ តែម្ដាយបានចាប់យកមេសោនោះមកទុក ពេលនោះជនសង្ស័យបានដើរចូលទៅក្នុងផ្ទះរើអីវ៉ាន់ក្នុងផ្ទះចោល ហើយបានធាក់ទ្វារបន្ទប់ទឹកធ្វើពីជ័របណ្ដាលឱ្យបែកបាក់ខូចខាត។ បន្ទាប់មកជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ហើយកម្លាំងប៉ុស្តិ៍បានចុះទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋានគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ស្អាង ជ័យ