ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញសម្រេច យកការកៀរគរ ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ QR Code

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរួចហើយ ក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ។   

    ដើម្បីឱ្យដំណើរនៃការទទួលថវិកាពីសប្បុរសជនទៅជួយដល់មន្ទីរពេទ្យនេះ បានកាន់តែខ្ពស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០២២ បានអញ្ជើញ ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំងអស់ ចំណុះឱ្យរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ មកប្រជុំនៅសាលារាជធានីភ្នំពេញ ។

     លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការប្រជុំនេះធ្វើឡើង ដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយយើងសម្រេចរៀបចំប្រមូលថវិកា តាមរយៈប្រើប្រាស់ QR Code ទៅដាក់នៅតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាទី ប្រជុំជនកន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុមហ៊ុន តាមទីផ្សារ នៅតាមសណ្ឋាគារ ភោជនីយដ្ឋានជាដើម ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមជាថវិកាដោយស្ម័គ្រចិត្ត ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ។

   លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បាន បញ្ជាក់ផងដែរថា ការងារនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង រហូតឱ្យអាជ្ញាធររាជធានីនិងខេត្ត ទាំងអស់បង្កើតនូវមូលនិធិនេះឡើង ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែល មន្ទីរពេទ្យនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាម រាជធានីខេត្តទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ 

  លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការងារនេះ ត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ដូច្នេះសូមអាជ្ញាធរខណ្ឌ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីអនុវត្ត គឺ មិនបង្ខិតបង្ខំ ធ្វើឡើងដោយការស្ម័គ្រចិត្ត របស់បុគ្គលនីមួយៗ ។ ត្រូវបន្តការផ្សព្វផ្សាយការងារនេះឱ្យកាន់តែជ្រួតជ្រាបទៅដល់មន្ត្រី ក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់បានស្ម័គ្រចិត្តចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

   សូមបញ្ជាក់ថា៖ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង ដោយ មានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន លោកកើត ឆែ អភិបាលរងរាជធានី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន  ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះអោយរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ ជាសមាជិក។

   គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ មានតួនាទី និងភារកិច្ចផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ។ រាយការណ៍អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូលរួម បរិច្ចាគរួមមាន ឈ្មោះ ( ភាសាខ្មែរ  និងអក្សរឡាតាំង) ភេទ ចំនួន ថវិកាបរិច្ចាគ និងលេខទូរស័ព្ទរបស់ សប្បុរសជនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយជាសាធារណៈឱ្យបាន ទាន់ពេល ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តសាធារណជន និងបំពេញការងារផ្សេងទៀតតាមការណែនាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ៕

ដោយ ៖ សំរិត


ចែករំលែក៖