ព័ត៌មានទាន់ហេតុការណ៍៖

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមកពិនិត្យសុខភាព ក្នុងកម្មវិធីលើកកម្ពស់ និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួងសុខាភិបាល រួមទាំងរដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមកពិនិត្យសុខភាព ក្នុងកម្មវិធីលើកកម្ពស់ និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅក្នុងបរិវេណវត្តសំរោងអណ្តែង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឆ្លៀងក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងរដ្ឋបាលខណ្ឌសែនសុខ រួមទាំងក្រុមការងារ បានអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសំរោងអណ្តែង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងសុំសេចក្តីសុខ និងសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្រ្តីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ៕

ដោយ ៖ សិលា


ចែករំលែក៖