ខេត្តក្រចេះ ៖ នារីម្នាក់សង្ស័យត្រូវចរន្តអគ្គិសនីឆក់ស្លាប់ខណៈដែលនាងដេកលើទូរស័ព្ទដែលកំពុងដាក់សាកបញ្ចូលភ្លើង។
ហេតុការណ៍នារីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ដោយសាដេកលើទូរស័ព្ទកំពុងសាកថ្មនោះបានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នៅចំណុចភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស (ស៉ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះគឺជនរងគ្រោះបានដោតបញ្ចូលភ្លើងទូរស័ព្ទចោល ហើយបានទៅងូតទឹក ហើយពេលត្រឡប់មកវិញទាំងខ្លួននៅសំណើមក៏បានប្រះខ្លួនដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូលភ្លើង បណ្ដាលឱ្យឆក់ស្លាប់តែម្តងនៅក្នុងបន្ទប់ដេកនោះ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត រួមជាមួយក្រុមគ្រូពេទ្យនិងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យលើសាកសព និងពិនិត្យជុំវិញកន្លែងកើតហេតុ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ នារីរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន ដោយជនរងគ្រោះស្លៀកខោសេីម ហើយដេកលេីហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទ ក៏បណ្ដាលឱុ្យឆក់ស្លាប់តែម្ដង ។
ក្រោយសមត្ថកិច្ចពិនិត្យសពរួចរាល់ក៏បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត