ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
អគ្គិសនីកម្ពុជា បានឱ្យដឹងទៀតថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះដែរ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥៣ (GS53-F3) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកែវទម្រ (Pin Insulator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់។
ជាមួយគ្នានោះ ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F16) មូលហេតុដោយសារដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា សង្កាត់ក្រាំងធ្នង់ និង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (២)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (៣) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ៖សហការី