ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបន្តដណ្តើមគ្រប់គ្រងរោងចក្រអគ្គិសនីធំទីពីររបស់អ៊ុយក្រែន

ចែករំលែក៖

ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃទី ២៧ខែកក្កដាបានប្រកាសថា រុស្ស៊ីបានដណ្តើមគ្រប់គ្រងរោងចក្រអគ្គិសនីធំទីពីររបស់អ៊ុយក្រែន ។ ទន្ទឹមនឹងនោះរុស្ស៊ីក៏បានដាក់ពង្រាយកម្លាំងទាហានទៅកាន់តំបន់ចំនួន៣នៅភាគខាងត្បូងអ៊ុយក្រែនផងដែរ។

ចំណែកកងកម្លាំងរុស្ស៉ីបានប្រកាសថា ពួកគេកំពុងដណ្ដើមកាន់កាប់បានរោងចក្រដើរដោយថាមពលធ្យូងថ្មសល់ពីសម័យសហភាពសូវៀតនៅតំបន់ Vuhlehirsk ដែលនេះជាជោគជ័យថ្មីមួយរបស់ទីក្រុងមូស្គូនៃប្រតិបត្តិការបង្កើនការវាយប្រហារលើអ៊ុយក្រែនរយៈពេលជាង៣សប្តាហ៍មកនេះ។ បើតាមលោក អារ៉េស្តូវ៉ិចបានបញ្ជាក់ថា កងកម្លាំងរុស្ស៉ីពិតជាវាយដណ្តើមកាន់កាប់រោងចក្រនេះបានប្រាកដមែន ដែលស្ថិតនៅក្នុងតំបន់ Donetsk។ ប៉ុន្តែលោកអះអាងថាវាគ្រាន់តែជា «អត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏តូចមួយ» សម្រាប់រុស្ស៊ីប៉ុណ្ណោះ។
លោក អារ៉េស្តូវ៉ិចបានបន្ថែមថា រុស្ស៉ីក៏កំពុងដាក់ពង្រាយកងកម្លាំងរបស់ខ្លួនឡើងវិញទៅកាន់ភាគខាងត្បូងដែលហាក់ដូចជាការប្តូរទៅជាយុទ្ធសាស្ត្រការពារប្រយុទ្ធ ដោយការបញ្ជូនកងទ័ពទៅកាន់តំបន់ ម៉េលីតូប៉ូល (Melitopol) ហ្សាប៉ូរីសស៊ីយ៉ា(Zaporizhzhia) និងតំបន់ខឺសុន (Kherson)។
ដោយឡែក លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន ក៏បានបង្ហោះនៅលើបណ្តាញសង្គម Twitterថា រុស្ស៊ីកំពុងបង្កើន «ចំនួនទាហានជាអតិបរមា» ក្នុងទិសដៅទៅកាន់តំបន់ Kherson តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ កន្លងមក អ៊ុយក្រែនបានបញ្ជាក់ យ៉ាងច្បាស់ថា ខ្លួនមានបំណងដណ្តើមយកមកវិញនូវទីក្រុងខឺសុន ភាគខាងត្បូងដែលបានធ្លាក់ទៅលើដៃប្រទេសរុស្ស៊ីនៅដើមដំបូងនៃសង្រ្គាមនេះផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖