ព័ត៌មានទាន់ហេតុការណ៍៖

វេជ្ជបណ្ឌិតព្រមានអ្នកប្រើប្រាស់កុំសាកល្បងតាមការសម្ដែង ‘No poop July’ ដែលកំពុងចែកចាយនៅក្នុងកម្មវិធី TikTok

ចែករំលែក៖

ភ្នំពេញ ៖ ‘No poop July’ គឺជាការសម្ដែងលេងសើចមួយដែលពួកគេព្យាយាមមិនបន្ទោបង់លាមកពេញមួយខែកក្កដា ហើយវីដេអូនេះកំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន NBC។ នេះបើយោងតាមការបញ្ជាឲ្យដឹង ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ។

វីដេអូបានបង្ហាញអ្នកសម្ដែងដែលភាគច្រើនជាបុរសបែកញើសខ្លាំង ខណៈពេលពួកគេកំពុងតស៊ូនឹងការចង់បន្ទោបង់ និងមានហ្វូងមនុស្សអបអរសាទរពួកគេ។ នៅក្នុងវីដេអូក៏មានបង្ហាញចំនួនថ្ងៃដែលអ្នកសម្ដែងមិនបានបន្ទោបង់ផងដែរ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា, ទោះបីជាវីដេអូខ្លីមួយនេះគឺគ្រាន់តែជាការលេងសើច ប៉ុន្តែវេជ្ជបណ្ឌិតមួយចំនួនមកពីមន្ទីរពេទ្យធំៗនៅសហរដ្ឋអាមេរិកបានធ្វើការព្រមានដល់អ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនង TikTok កុំព្យាយាមសាកល្បងនឹងការលេងសើចនេះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់ពួកគេ។ វាអាចបណ្តាលឱ្យមានបញ្ហាដូចជា ជំងឺឬសដូងបាត ឬការពឹងផ្អែកបណ្តោះអាសន្នលើថ្នាំបញ្ចុះលាមក ដើម្បីធ្វើឱ្យចលនាពោះវៀនមានភាពធម្មតាឡើងវិញ។

គួរបញ្ជាក់ដែរថា មានអ្នកប្រើប្រាស់មួយចំនួនជាពិសេសអ្នកប្រើប្រាស់យុវវ័យត្រូវបានរងគ្រោះរហូតដល់ស្លាប់ដោយសារតែប៉ុនប៉ងធ្វើតម្រាប់តាមវីដេអូដែលមានក្នុងកម្មវិធី TikTok។ ជាឧទាហរណ៍ កាលពីចុងឆ្នាំកន្លងទៅ កុមារីម្នាក់ដែលមានអាយុ ១០ឆ្នាំត្រូវបានស្លាប់នៅក្នុងរដ្ឋ Pennsylvania បន្ទាប់ពីកុមារីនោះបានព្យាយាមធ្វើតម្រាប់ប៉ុនប៉ងប្រឈមមុខនឹងគ្រោះថ្នាក់ “blackout challenge” ដែលត្រូវបានចែកចាយនៅលើវេទិការបស់ TikTok៕

ដោយ ៖ សិលា


ចែករំលែក៖