ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់បានប្រើហិង្សាយកដំបងវាយជនរងគ្រោះឱ្យរងរបួសធ្ងន់រួចហើយគេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

   ខេត្តក្រចេះ ៖ ករណីប្រើហិង្សាដោយចេតនាមួយបានកើតឡើងនៅចំណុចសាលាបឋមសិក្សាល្អៀត បង្កដោយជនដៃដល់ម្នាក់ក្នុងចំណោមពីរនាក់ប្រើដំបងឈើមូលលួចវាយពីក្រោយជនរងគ្រោះដែលកំពុងអង្គុយជាមួយស្រីស្នេហ៍បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចហើយរត់គេចខ្លួនបាត់ស្រមោលទៅ។ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

     ហេតុការណ៍បង្កហិង្សាដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង ២២៖២០នាទីនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចសាលាបឋមសិក្សាល្អៀត ស្ថិតក្នុងភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

    ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង២១៖៣០នាទីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ សុខ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះទៅជួបសង្សារបស់ខ្លួនឈ្មោះ ប៊. ដ. ល ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅចំណុចក្នុងសាលាបឋមសិក្សាល្អៀត។ ពេលទៅដល់ក៏អង្គុយនិយាយគ្នាលេងបានមួយសន្ទុះស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ក្នុងនោះគេបានស្គាល់ម្នាក់ឈ្មោះ មេត លីម៉ីភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងគូកនជាជនដៃដល់ម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានដើរមកពីក្រោយខ្នងជនរងគ្រោះហើយបានធ្វើសកម្មភាពយកដំបងឈើមូលវាយទៅលើជនរងគ្រោះពីក្រោយត្រូវចំសៀតផ្កាខាងស្តាំរងរបួសយ៉ាងធ្ងន់ធ្ងរ។

    ប្រភពបន្តថា ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ភ្លាមៗផងដែរ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប៉ុន្តែដោយឃើញសភាពរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ។

    បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយបន្ទាយធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖