ព័ត៌មានទាន់ហេតុការណ៍៖

ប៊ីចេងក្លែងក្លាយទម្ងន់១៨តោនត្រូវបានដុតបំផ្លាញចោលនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និង ក្លែងផលិតផលទំនិញដែលត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃស្នងការដ្ឋានការនគរខេត្តសៀមរាបបានឆែកឆេរត្រួតពិនិត្យ និងដកហូតបានចំនួន១៨តោនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ត្រូវបានយកមកធ្វើពិធីដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញារង ស្នងការរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងអធិការនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងមន្ត្រីរាជការផងដែរ។

 តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋានបានឱ្យដឹងថា វត្ថុតាងទាំងនេះគឺជាបទល្មើសក្នុងការក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដោយបានរំលោភទៅលើកម្មសិទ្ធិបញ្ញា ក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ។ ម៉្យាងទៀតវត្ថុតាងទាំងនេះក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការដកហូតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង -ខេត្តសៀមរាបយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើមី្បរង់ចាំការសម្រេចពីតុលាការក្នុងការរៀបចំដុតបំផ្លាញចោល ហើយចំពោះបុគ្គលសង័្សយក៏ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តផងដែរ។ 

    លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា ប៊ីចេងក្លែងក្លាយទាំង១៨តោននេះ សមត្ថកិច្ចក្រុមប្រតិបត្តិការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ហើយបានរកឃើញមានការរក្សាទុកសម្ភារវេចខ្ចប់លក់និងចែកចាយផលិតផលដែលជាការបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម និងដល់អ្នកប្រើប្រាស់។     ក្រោយពេលនីតិវិធីរបស់ស្ថាប័នតុលាការបានចប់សព្វគ្រប់ហើយទើបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសុំធ្វើការរៀបចំដុតបំផ្លាញចោលនៅថ្ងៃនេះ។ 

លោកឧត្តមសេនីយ៍ទោក៏បានបញ្ជាក់ទៀតថា រាល់បទល្មើសទាំងអស់យើងគ្រប់រូបត្រូវចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការបង្រ្កាប ទប់ស្កាត់នូវផលិតផលក្លែងក្លាយដែលគ្មានស្លាកយីហោត្រឹមត្រូវ និងមិនបានចុះកម្មសិទ្ធិបញ្ញានៅក្រសួង ដែលបានធ្វើចរាចរណ៍នៅតាមទីផ្សារឬតាមហាងនិងទីកន្លែងផ្សេងៗទៀត គឺត្រូវធ្វើការបង្រ្កាបឱ្យខាងតែបាន។ ក្នុងនោះលោកក៏បានបញ្ជាក់ទៀតថា គ្រប់សកម្មភាព បទល្មើសទាំងអស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនៅតែធ្វើការបង្រ្កាបឱ្យដូចភ្លៀងរលឹម ហើយក៏មិនខ្លបខ្លាចជនល្មើសទាំងនោះឡើយ។ 

    តាមការបញ្ជាក់របស់លោកប៉ុន តារា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា ចំពោះករណីបុគ្គលម្ចាស់ផលិតផលក្លែងក្លាយនេះត្រូវបានសាលាដំបូងខេត្តចេញសាលក្រមដាក់ពន្ធនាគាររយៈពេល១ឆ្នាំ។

    ក្នុងឱកាសនោះដែរតំណាងក្រុមហ៊ុនដែលជាអ្នកដើមបណ្តឹងបានធ្វើការបកស្រាយបង្ហាញនូវសារៈសំខាន់ៗនៅលើកញ្ចប់ប៊ីចេងសញ្ញារូបវែកដើមី្បជាចំណុចសម្គាល់ទៅលើផលិតផលក្លែងក្លាយ និងមិនក្លែងក្លាយសម្រាប់ប្រជាពលរដ្ឋយើងគ្រប់រូបយកទៅប្រើប្រាស់ផងដែរ៕

ដោយ ៖ សូរិយា


ចែករំលែក៖