លោក Aleksey Danilov ប្រធានគណៈកម្មការសន្តិសុខនិងការពារជាតិអ៊ុយក្រែនបានប្រកាសថា រដ្ឋាភិបាលទីក្រុងកៀវមិនបង្អង់នៅក្នុងការវាយប្រហារទៅលើទឹកដីរុស្ស៊ីនោះឡើយក្នុងពេលចាំបាច់។
លោក Aleksey Danilov បានបញ្ជាក់ថា គណៈកម្មការសន្តិសុខ និងការពារជាតិអ៊ុយក្រែនបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការវាយប្រហារដោយមីស៊ីល ដែលរុស្ស៊ីវាយប្រហារទៅលើទីតាំង ក្នុងប្រទេសអ៊ុយក្រែន ។ មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា រាល់ទីតាំងនៅក្នុងប្រទេសរុស្ស៊ីនឹងក្លាយទៅជាគោលដៅវាយប្រហារពីអ៊ុយក្រែនក្នុងពេលចាំបាច់។
លោក Aleksey Danilov បានបន្តទៀតថា នៅពេលចាំបាច់អ្នកដែលនៅក្នុងរដ្ឋាភិបាលនឹងធ្វើសកម្មភាពដោយមិនមានការស្ទាក់ស្ទើរឡើយដើម្បីកម្ទេចគោលដៅ។ កន្លងមក លោក Aleksey Danilov ក៏បានលើកឡើងពីបញ្ហានេះទៅកាន់ប្រធានាធិបតី Volodymyr Zelensky ពីការវាយប្រហារទៅលើទីតាំងនានារបស់រុស្ស៊ី គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងកៀវ ។
មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះអាចនឹងកម្ទេចគោលដៅនៅក្នុងតំបន់គ្រីមៀ ឬស្ពានតភ្ជាប់គ្រីមៀ សម្រាប់ដឹកជញ្ជូនសម្ភារនិងទំនិញដ៏សំខាន់ដល់ទាហានរុស្ស៊ី ៕
ដោយ ៖ ធីរីណា(រូបថត ៖ Global Look Press)