ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀន២៤២នាក់ទទួលបានបច្ចេកទេសប្រើប្រាស់ឧបករណ៍ឌីជីថល និងបទពិសោធន៍ជំរុញប្រសិទ្ធភាពការសិក្សាកម្រិតបឋមសិក្សា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី “ការប្រើប្រាស់ឧបករណ៍ឌីជីថលជំរុញការសិក្សានៅកម្រិតបឋមសិក្សា” ដើម្បីបង្កើនប្រសិទ្ធភាពរៀន និងបង្រៀន តាមបែបឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមជាគ្រូបង្រៀនមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សរុបចំនួន ២៤២នាក់ ឧទ្ទេសដោយគ្រូឧទ្ទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគ្រូបង្រៀនមកសាលាបឋមសិក្សាវត្តបូព៌។ 

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់បានប្រឹងប្រែងចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការងារបង្រៀន ស្របតាមការរីកចម្រើនជាបន្តបន្ទាប់នៃបច្ចេកវិទ្យា និងសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេសមកពីសាលាបឋមសិក្សាវត្តបូព៌ ដែលបានចំណាយពេលចូលរួមឧទ្ទេស និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការងារបង្រៀនកម្រិតបឋមសិក្សា។ 

វគ្គបណ្ដុះបណ្ដាលនេះមានសកម្មភាពផ្សេងៗដូចជា ការឧទ្ទេស ការលេងល្បែងអប់រំ កិច្ចការផ្ទះ តេស្តសមត្ថភាព។ សិក្ខាកាមទាំងអស់បានថ្លែងអំណរគុណ ដល់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសមកពីសាលាបឋមសិក្សាវត្តបូព៌ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ព្រមទាំងសំណូមពរឱ្យនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បន្តរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តទៀត។ 

សូមជម្រាបថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណវឌ្ឍគ្រូបង្រៀនលើការប្រើប្រាស់បច្ចេកវិទ្យាជំរុញប្រសិទ្ធភាពនៃការបង្រៀន និងរៀន ស្របតាមកំណែទម្រង់វិស័យអប់រំបែបឌីជីថល៕ 

ដោយ ៖ សហការី


ចែករំលែក៖