ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានបក្សភ្លើងទៀនផ្តល់ចម្លើយបន្ថែម ក្នុងសំណុំរឿង ដែលប្តឹងដោយ គ.ជ.ប

ចែករំលែក៖

ភ្នំពេញ ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានផ្តល់ចម្លើយបន្ថែមលើពាក្យបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ របស់​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នេះ​បើ យោងតាម​លិខិត​ដាក់ជូន​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​នៅ​ថ្ងៃទី​ ២៨ ខែកក្កដា នេះ​។

យោងតាម​លិខិត​លោក សុន ឆ័យ លើកឡើងថា នៅ ក្នុង​កិច្ចសម្ភាសន៍​របស់​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​ ៧ ខែមិថុនា ឆ្នាំ​ ២០២២​ នោះ លោក​មិនមាន បំណង​ទាល់តែសោះ ក្នុងការ​និយាយ​បរិហារកេរ្តិ៍ ជា​សាធារណៈ​ចំពោះ​គណៈកម្មា ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ចំពោះ​គណបក្សនយោបាយ​ណាមួយ ដោយ​ការឆ្លើយ​សំណួរ​ទាំងឡាយ​របស់​អ្នកកាសែត​ឈ្មោះ តាំង សា​រ៉ា​ដា គឺធ្វើឡើង​ដោយ​ឥត​ព្រៀងទុក និង​បាន​ឆ្លើយ ជាការ​តស៊ូ​មតិ នៅពេលដែល គ​.​ជ​.​ប មិនទាន់បាន​ប្រកាស​ល​ទ្ធ​ផល នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​ផ្លូវការ​នៅឡើយ​។​

អនុប្រធានបក្សភ្លើងទៀនដែលរងបណ្តឹងរូបនេះបាន​រៀបរាប់ទាក់ទង​នឹង​សកម្មភាព​មួយចំនួន ដែល​លោក​អះអាងថា ជា​ភាពមិនប្រក្រតី​នៅក្នុង​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំសង្កាត់ នាពេល​កន្លងមក និង​បាន​ស្នើសុំ​ឲ្យ​ គ​.​ជ​.​បដក​ពាក្យបណ្តឹង​ចេញ​វិញ​ផងដែរ​។

លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំ ពាក្យ គ​.​ជ​.​ប ធ្លាប់បាន​ថ្លែងថា ការប្រមាថ​ស្ថាប័ន​ជាតិ​មួយ​ថា​ជា​ចោរ មិនមែនជា​រឿង​សាមញ្ញ ហើយក៏​មិនមែនជា​ការបញ្ចេញមតិ​ដែរ ដូច្នេះ​ត្រូវតែ​ដោះស្រាយ​គ្នា​តាម​យន្តការ​តុលាការ​។​

​លោក សោម សូ​រី​ដា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការប្រមាថ​ស្ថាប័ន​ជាតិ​ថា​ជា​ចោរ គឺជា​ការប្រមាថ​មួយ ដែល​មិនអាច​គិតថា ជា​រឿង​ធម្មតា ដែល​ត្រូវ​ហៅ​អ្នក​ប្រមាថ​មក​ចរចា ឬ​ជជែក​គ្នា​រក​ខុស​រក​ក្រៅ​នោះទេ​។ ករណី​លោក សុន ឆ័យ ប្រមាថ​ជា​សាធារណៈ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​នេះ ខ្ញុំ​សូមបញ្ជាក់ថា មិនមែនជា​ជាការ​បញ្ចេញមតិ ដែល គ​.​ជ​.​ប ត្រូវ​អញ្ជើញលោក សុន ឆ័យ មក​រកខុសរកត្រូវ​ជាមួយ គ​.​ជ​.​ប នោះទេ អីចឹង​ករណី នេះ គឺជា​ករណី​ដែល​ត្រូវ​ដោះស្រាយ​គ្នា​តាម​យន្តការ​តុលាការ​”​។​

​បើតាម​លោក សោម សូ​រី​ដា បើ​លោក សុន ឆ័យ គិតថា​ការប្រមាថ គ​.​ជ​.​ប ថា​ជា​ចោរ​បែបនេះ ហើយ​គិតថា គឺជា​រឿង​ធម្មតា លោក​ស្មាន​ខុស​ហើយ គិត​ខុស​ហើយ​។ លោក​ថា លោក សុន ឆ័យ គួរ​ចេះ​ប្រើប្រាស់​ភាសា​ខ្មែរ ហើយ​គួរតែ​ប្រើ​ក្នុងន័យ​មួយ គោរព​គ្នា​ទៅវិញទៅមក រវាង​បុគ្គល​ដែលជា​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ ជាមួយ​ស្ថាប័ន​ជាតិ​មួយ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​

​លោក សុន ឆ័យ កាលពី​ព្រឹក​ថ្ងៃទី ​១២ ខែកក្កដា ឆ្នាំ​ ២០២២ នេះ បាន​ចូល​ឆ្លើយបំភ្លឺ​លើ​បណ្តឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បណ្តឹង​នេះ គ​.​ជ​.​ប បានស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ តាម​មាត្រា​ ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​។​

​មកដល់ពេលនេះ លោក សុន ឆ័យ ទទួលរង​បណ្តឹង​ចំនួន​ ២​ គឺ ទី​ ១, បណ្តឹង​ពាក់ព័ន្ធ​ការ​ចោទ និង​ការ​បំភ្លៃ​ព័ត៌មាន​ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើស រើស​ក្រុម ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ដែល​ត្រូវបាន​ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ការផ្តល់​ព័ត៌មាន​ក្លែង​ក្លែង ក្នុង​ចេតនា​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត និង​មួលបង្កាច់​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បណ្តឹង​នេះ មេធាវី​បាន​ទាម ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៤.០០០ ​លាន​រៀល ឬ​ប្រហែល ​១ ​លាន​ដុល្លារ​អាមេរិក​។​

​ទី​២, បណ្តឹង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ របស់​ស្ថាប័ន​គ​.​ជ​.​ប ដែល​បណ្តឹង​នេះ បានស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ តាម​មាត្រា​ ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​លោក សុន ឆ័យ ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​៕

ដោយ៖ សូរិយា


ចែករំលែក៖