ព័ត៌មានទាន់ហេតុការណ៍៖

ឆន ស្រីណេត និយាយថា ឈឺចាប់ណាស់ក្រោយលោកអុិន សុភិនពោលពាក្យថា”កូនកាត់វៀតណាម-ខ្មែរកម្ពុជាក្រោម”

ចែករំលែក៖

ភ្នំពេញ៖ ចាប់ផ្តើមបង្ហាញមុខបេក្ខភាពកញ្ញាឯកនៃកម្មវិធីប្រកួត Miss Grand Cambodia 2022ភ្លាម ប្រធានបទដែលត្រូវបានគេធ្វើការវែកញែកដោយចម្រូងចម្រាស់នោះ គឺពាក្យសម្តីរបស់អ្នកគ្រប់គ្រងកម្មវិធីលោកអុិន សុភិនតែម្តងដែលនិយាយលើកឡើងថា ”កូនកាត់វៀតណាម-ខ្មែរកម្ពុជាក្រោម” ហើយការចេញមុខបញ្ជាក់និងលើកឡើងពីភាពឈឺចាប់នេះត្រូវបានធ្វើឡើងដោយកញ្ញា ឆន ស្រីណេត គឺជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១លំដាប់រងលេខ១។ ការចាប់អារម្មណ៍ទៅលើពាក្យនេះគឺក្រោយពីលោកបានលើកឡើងអំពីបេក្ខភាពកញ្ញាឯកតំណាងឱ្យខ្មែរកម្ពុជាក្រោម គឺកញ្ញា ហង្ស សូរិយាន់ ដែលបានជាប់ជាបេក្ខភាពក្នុងកម្មវិធីប្រកួត៣៥រូបចុងក្រោយ។ 

  ខ្លឹមសារដែលត្រូវបានកញ្ញា ឆន ស្រីណេត លើកយកមកបញ្ជាក់នោះគឺក្រោយពីលោក អុិន សុភិនបានផ្តល់បទសម្ភាសន៍ទៅកាន់វិទ្យុមួយអំពីភាពប្លែកនៃកម្មវិធីដែលក្រៅពីមានបេក្ខភាពតំណាងឱ្យខេត្ត-រាជធានី និងបណ្តាប្រទេសដែលមានពលរដ្ឋខ្មែររស់នៅក៏មានបេក្ខភាពតំណាងឱ្យខ្មែរកម្ពុជាក្រោមផងដែរ ។ គ្រានោះលោកអុិន សុភិនបានលើកឡើងថា កញ្ញាហង្ស សូរិយាន់ គឺជាកូនកាត់វៀតណាម-ខ្មែរកម្ពុជាក្រោម ហើយពេលណែនាំខ្លួនគាត់បាននិយាយភាសាតុងបែបខ្មែរកម្ពុជាក្រោម។ ត្រង់ចំណុចនេះ កញ្ញា ឆន ស្រីណេត បានលើកឡើងតបទៅកាន់ការនិយាយរបស់លោកអុិន សុភិនថា ខ្មែរក្រោមមិនមែនជាកូនកាត់វៀតណាមទេ។ ក្នុងនាមនាងដែលជាខ្មែរកម្ពុជាក្រោមម្នាក់ដែរនោះនាងបានថ្លែងអំណរគុណលោកអុិន សុភិនដែលបានបង្កើតកម្មវិធីផ្តល់ឱកាសឱ្យខ្មែរក្រោមមានវត្តមានក្នុងកម្មវិធីនេះ។

 នាងថា នាងមិនយល់ស្របនឹងពាក្យដែលលោកអុិនសុភិនលើកឡើងថា កូនកាត់វៀតណាម-ខ្មែរក្រោម គឺនាងពិតជាសម្តែងការឈឺចាប់ចំពោះពាក្យហ្នឹងណាស់ និងមិនចង់ឱ្យកូនខ្មែរមិនដឹងថាខ្មែរក្រោមជាអ្នកណា គឺកូនខ្មែរក្រោមមិនមែនជាវៀតណាម ឬកូនកាត់វៀតណាមទេ គឺខ្មែរក្រោមគឺខ្មែរសុទ្ធមិនដូចគ្នាទេ ហើយនាងរំពឹងថា កូនខ្មែរទាំងអស់នឹងយល់ពាក្យនេះ ហើយខ្មែរក្រោមពិតជាស្រលាញ់ជាតិសាសន៍ខ្មែរ និងខិតខំតស៊ូដើម្បីរក្សាអត្តសញ្ញាណជាតិដើម្បីជាតិខ្មែរទាំងប្រពៃណី អក្សរសាស្ត្រ បើទោះបីជាការនិយាយភាសាខ្មែរមិនមានសំនៀងច្បាស់ក្តី។ 

ទោះជាយ៉ាងណាពេលនេះវាក៏បានក្លាយជាពាក្យសម្រាប់ធ្វើការវែកញែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ដែលអ្នកគាំទ្រវិស័យកញ្ញាឯកស្នើឱ្យអ្នកផលិតកម្មវិធីមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរៀបចំ និងការលើកឡើងជាពាក្យសម្តីដែលនាំឱ្យមានការយល់ច្រឡំ៕   

ដោយ ៖ វឌ្ឍនា


ចែករំលែក៖