ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីចំហៀងនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវលេខ១៥០ កែងនឹងផ្លូវលេខ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1DA-1515 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥០ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហ្វដ រ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-6155 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២៥៧ ពីជើងទៅត្បូង ចំពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់។ ភ្លាមៗនោះរថយន្តសាមុយបានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ៖សុខាសែនជ័យ