ព័ត៌មានទាន់ហេតុការណ៍៖

ឈើស្រឡៅដែលក្រុមឈ្មួញបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាមនោះត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបហើយ

ចែករំលែក៖

ខេត្តក្រចេះ ៖ ឈើស្រឡៅ១៩ដុំដែលក្រុមឈ្មួញបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះចុះទៅបង្ក្រាបបានហើយ និងយកទៅរក្សាទុកនៅស្នាក់ការ៧០៩ជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ព្រៃឈើ។

     ការចុះបង្ក្រាបនិងរឹបអូសយកឈើស្រឡៅរបស់ឈ្មួញរកសុីខុសច្បាប់នោះគឺក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នៅត្រង់ចំណុចចម្ការកៅស៊ូក្រុមហ៊ុនរាជសីហ៍ មាត់អូរ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

    តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ជារឿយៗពួកឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមាគឺតែងតែកើតមានជារៀងរាល់ថ្ងៃ ហើយក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយជំនាញរដ្ឋបាលព្រៃឈើចុះបង្ក្រាបបានជាញឹកញាប់ដែរ តែហាក់ដូចវែកចកអ៊ីចឹង។ លើសពីនេះពួកឈ្មួញរកស៊ីឈើនោះក៏ធ្លាប់បង្កជាអំពើហិង្សាដល់អ្នកសារព័ត៌មានថែមទៀតផង។

    ពាក់ព័ន្ធនឹងករណីបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ខាងលើនេះ កម្លាំងកងរាជអាវុធខេត្តក្រចេះបានប្រមែប្រមូលវត្ថុតាងជាឈើស្រឡៅបានចំនួន១៩ដុំ ហើយបានដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ៧០៩ ជាបណ្តោះអាសន្នដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ព្រៃឈើ។

    សូមបញ្ជាក់ថា ឈើទាំងអស់ដែលកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺកម្លាំងសមត្ថកិច្ចមិនទាន់បានទម្លាយឱ្យស្គាល់អត្តសញ្ញាណម្ចាស់ឈើនៅឡើយទេ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖