ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងទាក់ទងនឹងទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់

ចែករំលែក៖

មាន​រឿង​បុរាណ​ដំណាល​តៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់​នៅ​ជាមួយ​ប្រពន្ធ​តាំង​ពី​ក្មេង​ដល់​ចាស់ ខំ​រកស៊ី​ធ្វើ​ការ​​បាន​សល់​មាស​មួយ​បាតតែ​គ្មាន​កូន​សោះ។ ប្ដី​ប្រពន្ធ​នេះ​បាន​ផ្ដាំ​គ្នា​ទៅ វិញ​ទៅ​មក​ថា (បើ​អ្នក​ណា​ស្លាប់​មុន​ត្រូវ​យក​មាស​នេះ​ដាក់​ក្នុង​មាត់​អ្នក​នោះ)។ ចំណេរ​ត​មក​មិន​យូរ​ប៉ុន្មាន​ប្ដី​ស្លាប់​ទៅ ប្រពន្ធ​ក៏​យក​មាស​ដាក់​ក្នុង​មាត់​ខ្មោច​ប្ដី ហើយ​យក​ខ្មោច​ប្ដី​ទៅ​ធ្វើ​បុណ្យ​បូជា។ ខ្មោច​ត្រូវ​ភ្លើង​ឆេះ​អស់ ឯ​មាស​វិញ​ត្រូវ​ភ្លើង​ឆេះ​រលាយ​នៅ​សល់​តែ​៣​ស្លឹង។ សម័យ​មួយ​ព្រះ​មហាក្សត្រ​ព្រះ​អង្គ​លោក​មាន​ចិត្ត​លោភ​គ្រប​សង្កត់​ក៏​ចេញ​ព្រះ​រាជអាជ្ញា​ឲ្យ​រៃ​យក​មាស​ក្នុង​មួយ​ផ្ទះ​ចំនួន​មួយ​បាតជា​កំហិត។ យាយ​ប្រពន្ធ​របស់​ខ្មោច​តា​នោះ ភ័យ​ក៏​យក​មាស​៣​ស្លឹង ដែល​គាត់​រើស​ទុក​នោះ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ហើយ​ក្រាប​ទូល​ថា “ក្រាប​ទូល​ព្រះ​ករុណា! មាស​នេះ​ពី​ដើម​នេះ​ពេញ​មួយ​បាទ​តែ​ខ្ញុំ​ម្ចាស់​យក​ទៅ​ដាក់​ក្នុង​មាត់​ប្ដី ពេល​ដែល​ស្លាប់​តែ​ប្ដី​ខ្ញុំ​ម្ចាស់​យក​ទៅ​ពុំ​បាន ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ខ្លះ​ទៅ នៅ​សល់​តែ​ប៉ុណ្ណេះ​សូម​ព្រះ​ករុណា​មេត្តា​ដល់​សត្វ​ទាល់​ក្រ​ផង ខ្ញុំ​ព្រះ​អង្គ​ទាល់​មធ្យោបាយ​នឹង​ទៅ​រក​មាស​ឯណា​ឲ្យ​គ្រប់​ចំនួន​ថ្វាយ​ព្រះ​អង្គ​ពុំ​បាន​ឡើយ”។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់​ក៏​កើត​ធម្ម​សង្វេគ​ស្លុត​ព្រះ​ទ័យ ទើប​ទ្រង់​ប្រកាស​ឲ្យ​លើក​លែង​ការ​រៃ​យក​មាស​អំពី​បណ្ដា​រាស្ត្រ​ត​ទៅ​ទៀត។

អាស្រ័យ​រឿង​នេះ​ទើប​បណ្ដា​រាស្ត្រ​ទាំង​អស់​យល់​ថា ប្រាក់ ឬ​មាស​ដែល​បង់​ក្នុង​មាត់​ខ្មោច​មាន​អានុភាព​ទៅ​លើ​ទឹក​ចិត្ត​មនុស្ស​ណាស់ សូម្បី​ព្រះ​មហាក្សត្រ​ក៏​ចុះ​ចាញ់​អនុភាព​នេះ​ដែរ។ មួយទៀត​អានុភាព​ប្រាក់​ឬ​មាស​ដែល​បង់​ក្នុង​មាត់​ខ្មោច​ ជា​វត្ថុ​ស័ក្ដិសិទ្ធិ អាច​ជួយ​រំដោះ​គ្រោះថ្នាក់​ក្នុង​ពេល​មាន​អាសន្ន​បាន។ ហេតុដូច្នេះឯងទើបគេនាំគ្នាធ្វើរបៀបនេះជារៀងរាបរហូតកើតទៅជាទំនៀមទម្លាប់មក។

   ប៉ុន្តែ​អ្នក​ប្រាជ្ញ​ពី​បុរាណ ដែល​ឲ្យ​យក​មាស ឬ​ប្រាក់​ដាក់​ក្នុង​មាត់​ខ្មោច គឺ​ដើម្បី​ជា​ប្រស្នា​ឲ្យ​ពិចារណា​ថា ” សម្បត្តិ​ទាំង​អស់​យើង​អាច​យក​ដាក់​នឹង​ខ្លួន​តែ​ក្នុង​វេលា​មាន​ជីវិត កាល​បើ​ស្លាប់​ហើយ​យើង​មិន​អាច​យក​ទៅ​បាន​ទេ” ។ រឿង​នេះ​ឯង​បាន​ជា​ជាប់​ជា​ទំនៀម​ទម្លាប់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ៕ 

ពិនិត្យស្រាវជ្រាវតាមសៀវភៅរឿងព្រេងខ្មែរ ភាគទី ៩ ដោយចៅតាជេត


ចែករំលែក៖