ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ៖ បើយុវជនជំនាន់មុនគ្មានចក្ខុវិស័យ និងការតស៊ូព្យាយាមច្បាស់លាស់ទេ ម៉ោងនេះអាចវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគត បានលើកឡើងថា បើមេដឹកនាំខ្មែរនាពេលបច្ចុប្បន្ន ដែលជាយុវជនតស៊ូសម័យសង្គ្រាមគ្មានចក្ខុវិស័យច្បាស់លាស់ទេ មកដល់ម៉ោងនេះអាចនឹងវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ។

នេះជាសារតាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះការតស៊ូ ការលះបង់ ភាពអង់អាចក្លាហាន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់មេដឹកនាំខ្មែរ ដែលជាយុវជនក្នុងសម័យតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការលើកឡើង ដោយ លោក ហ៊ុនម៉ាណែត បង្ហាញពីឆន្ទះលើកតម្កល់ផលប្រយោជន៍ជាតិធំ។ 

តាមរយៈសារដដែលនេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រោះតែមានចក្ខុវិស័យច្បាស់លាសនេះហើយ ទើបយុវជនជំនាន់មុន អាចរំដោះជាតិ ទប់ការវិលត្រឡប់របស់ខ្មែរក្រហម និងកសាងប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញថា ក្រោមកងកម្លាំងរណសិរស្សសាមគ្គីសង្គ្រោះជាតិ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បានវាយផ្តួលរបបខ្មែរក្រហម រំដោះប្រទេសមកវិញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយវាយបានប្រទេសហើយនោះ កងទ័ពខ្មែរក្រហមនៅតែបន្តតស៊ូដណ្តើមការគ្រប់គ្រងប្រទេស ដែលជាពេលវេលាដ៏លំបាកនៃរបបរដ្ឋកម្ពុជា ខណៈជំនាញការវៀតណាមជាច្រើនកំពុងកាន់ការងារនៅកម្ពុជា។

ដំណាក់កាលនោះជាពេលវេលាដ៏លំបាករបស់មេដឹកនាំខ្មែរជំនាន់នោះ ដោយដៃម្ខាងត្រូវទប់ទល់ការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងប្រឹងប្រែងកសាងសង្គមជាតិ និងធានាការរស់រានរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត ក៏បានគូសរំលេចទៀតថា បើយុវជនជំនាន់នោះគ្មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយទេនោះ ខ្មែរក្រហមអាចវ៉ៃយកប្រទេសវិញ ឬអាចវៀតណាម ដឹកនាំកម្ពុជា ព្រោះពេលនោះជំនាញការទាំងឡាយសុទ្ធតែជាវៀតណាម ព្រោះកម្ពុជាត្រូវបាត់បង់អស់អ្នកមានចំណេះក្នុងរបបខ្មែរក្រហម។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «មកដល់ម៉ោងនេះនៅវៀតណាមដឹកនាំគ្រប់ស្ថាប័នរួចទៅហើយ ព្រោះយើងអត់មានចក្ខុវិស័យកសាងកម្លាំងរបស់យើង គ្មានចក្ខុវិស័យដែលយើងពង្រឹងសមត្ថភាពប្រទេស ដើម្បីក្លាយទៅជាប្រទេសឯករាជ្យ»។

សម្រាប់លោក ហ៊ុន ម៉ាណែត យុវជនជំនាន់ក្នុងសម័យតស៊ូ គឺជាយុវជនដ៏គំរូសម្រាប់យុវជនជំនាន់នេះ។

សូមបញ្ជាក់ថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគត មិនត្រឹមតែមានសមត្ថភាព ចំណេះដឹង ប្រកបដោយគុណធម៌ប៉ុណ្ណោះទេ លោកមានប្រជាប្រិយភាពយ៉ាងខ្លាំង ត្រូវបានប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ស្រទាប់វណ្ណៈ គោរព ស្រលាញ់ គ្រប់សកម្មភាពការងារដឹកនាំរបស់គាត់៕

ដោយ ៖ សហការី


ចែករំលែក៖