ខេត្តស្វាយរៀង៖ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវអ្នកបើកបររថយន្តដែលគេសង្ស័យថាងងុយដេកនោះបានរេចង្កូតទៅបុករុឺម៉កម៉ូតូដែលបើកស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងផ្អើលដល់អ្នកភូមិទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះគង់ ចំរុង អាយុ៣០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ/សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង បើកម៉ូតូសណ្តោងរុឺម៉កម៉ាកហុងដា Wave ពណ៌ក្រហម គ្មានស្លាកលេខ បានរងការខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះព្រំ ជាក់ អាយុ៤៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅសាកសួរ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្ដម៉ាកកាមរី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ២D-៣៣០៨ ក្នុងទិសដៅពីកើតទៅលិច លើផ្លូវលេខ៣១៤ ហើយគេសង្ស័យថាអ្នកបើកនេះងងុយដេកទើបរេចង្កូតទៅបុកអ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាកហុងដា Wave ពណ៌ក្រហម គ្មានស្លាកលេខដែលបើកស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលភ្លាមៗតែម្ដង។
ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងនិងអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងនាំយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយបន្តតាមច្បាប់។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន