ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញសួរសុខទុក្ខនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនគ្រួសារសពនាយនគរបាលខេត្ដដែលទទួលមរណភាព

ចែករំលែក៖

ខេត្តកែប៖ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦,០០០,០០០រៀលជូនដល់គ្រួសារសពនាយនគរបាលខេត្តដែលបានទទួលមរណភាព។

    ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង និងនាយ នាយរងការិយាល័យ ព្រមទាំងសហការី នៃស្នងការដ្ឋាននគរបាលខេត្តមួយចំនួនផងដែរ។

    នាឱកាសនោះលោកស្នងការបានសំណេះសំណាលសួរសុខទុក្ខ និងបានរំលឹកពីស្នាដៃរបស់មន្ត្រីនគរបាលមរណៈដែលបានបម្រើការងារនិងបំពេញភារកិច្ចបម្រើប្រជាជន ជាតិមាតុភូមិ និងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់នគរបាលជំនាន់ក្រោយធ្វើជាជាគំរូ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ។

    ទន្ទឹមនោះក្រុមគ្រួសារនៃសពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាគមមិត្តនគរបាលជាតិកម្ពុជា និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ដោះស្រាយថវិកាសមាគមជូនពួកគាត់បានឆាប់រហ័សសម្រាប់ដោះស្រាយទុក្ខធុរៈបានទាន់ពេលវេលា៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖