ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមដំណើរការឡើងវិញ ខណៈក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១១បានដាក់ពាក្យស្នើសុំបើកជើងហោះហើរត្រង់មកកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ៖ លោកជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ខែកក្កដានេះ ថា ក្រុមហ៊ុនអាកាសចរណ៍ប្រទេសចិនចំនួន១១ក្រុមហ៊ុនដែល​បាន​ដាក់ពាក្យ ស្នើសុំបើកជើងហោះហើរត្រង់មកកម្ពុជានោះ នឹងចាប់ផ្តើមដំណើរការពីខែតុលា ឆ្នាំ២០២២នេះតទៅហើយ។

    សូមបញ្ជាក់ថា  ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន ចំនួន១១ក្រុមហ៊ុនបានដាក់សំណើទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីបើកជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។ លោកបានបញ្ជាក់ថា ក្នុង​ចំណោមក្រុមហ៊ុនទាំង១១ដែលដាក់សំណើសុំបើកជើងហោះហើរ​មកកម្ពុជា​នោះ គឺមានក្រុមហ៊ុនដាក់សំណើហោះហើរមករាជធានីភ្នំពេញមាន១១ក្រុមហ៊ុន ហោះទៅខេត្ត​សៀមរាប ៣ក្រុមហ៊ុន ​និងហោះទៅខេត្តព្រះសីហនុមាន៣ក្រុមហ៊ុន។

    លោកជា អូន បាន​ធ្វើការ​សន្និដ្ឋានថា សម្រាប់ការដាក់សំណើសុំបើកជើងហោះហើរត្រង់ពីចិន​មក​កម្ពុជានេះ អាចទំនងមកពីប្រទេសចិនមានការ​បន្ធូរបន្ថយ​ការអនុវត្តគោលនយោបាយសូន្យកូវីដ​ ឬ Zero Covid នៅក្នុងប្រទេសចិន ។ លោកបន្តថា​ នៅ​ក្នុង​ខែមិថុនា​ចុងក្រោយនេះ​មានអ្នកដំណើរអន្តរជាតិ​ចូល​មក​កម្ពុជា​តាម​ផ្លូវ​អាកាស​ជាង​១៩ម៉ឺននាក់ ​និងមានយន្តហោះចុះចតប្រមាណ២៦%នៃចំនួនការចុះចតសរុបឆ្នាំ២០១៩ និង​មាន​យន្ត​ហោះ​ហោះ​រំលងប្រទេសកម្ពុជាមានប្រមាណ៧០% ​ធៀបនឹងឆ្នាំ២០១៩ដូចគ្នា។

    លោក ជា អូន បន្តថា នៅក្នុងតារាងកម្មវិធីហោះហើរ​ពីបណ្តាប្រទេសនានាមកកាន់កម្ពុជាដែល​បាន​និង​កំពុងអនុវត្តរយៈពេលជិត​៥ខែមកនេះ ​គឺមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ បានដាក់​សំណើបើក​ជើង​ហោះហើរបន្ថែមមានចំនួន៧១​. ២៣០ជើង​ ហើយចំនួននេះ​រំពឹងថា កើន​ឡើង៦៨% បើ​ប្រៀប​ធៀប​ជើង​ហោះ​ហើរឆ្នាំ២០១៩ ដែល​មាន​ប្រមាណ១០ម៉ឺន៤ ៧៧០ជើង៕

ដោយ៖ សហការី


ចែករំលែក៖