ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ អាចពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេស ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។ បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន ” នគរវត្ត ” ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា, កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ, រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំ ពេញអង្គលើកទី៧ នីតិកាលទី៦ បានសម្រេចអនុម័តតាមសម្លេងលើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សំដៅបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ជាពិសេស ការធានាឱ្យស្ថាប័នរដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តរភាពនៅគ្រប់ កាលៈទេសៈ។ កន្លងទៅនេះ, តំណាងរាជរដ្ឋាភិបាល បានបកស្រាយបំភ្លឺអំពីខ្លឹមសារ និងគោលបំណងនៃការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ហើយក៏បានឆ្លើយតប ដើម្បីបំភ្លឺទៅនឹងកង្វល់នានា ឬការលើកឡើងនានា ឬការយល់ដឹងនានា ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងដែលមិនមានលក្ខណៈត្រឹមត្រូវ ជុំវិញសំណេធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។
ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី ដើម្បីធានាឱ្យបាននូវការយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារពិតប្រាកដ និង គោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ មានកិត្តិយសសូមគោរពអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលណា ដែលយល់ថា ឬអះអាងថា ការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម នៅកម្ពុជា ចូលរួមជំនួបពិភាក្សា ដើម្បីក្រសួងយុត្តិធម៌ អាចពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេស ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។
ជំនួបនេះនឹងត្រូវធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២, ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទី តទៅ អាស្រ័យទៅតាមសំណើ និងពេលវេលារបស់គណបក្សនយោបាយ ឬអង្គការ សង្គមស៊ីវិល។ ចំពោះគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលមានបំណងជួបក្រសួងយុត្តិធម៌ តាមការ អញ្ជើញនេះ សូមមេត្តាទាក់ទងឱ្យបានមុនថ្ងៃជួបមួយថ្ងៃ ដើម្បីចុះឈ្មោះ និងកំណត់កាលបរិច្ឆេទជួប តាមរយៈ៖ (១)-លោក ទីវ សូផុណ្ណារតន៍ ០៦១ ៤៩៩ ៩៦៤ ឬ (២)-កញ្ញា ឈួន មរកត ០៧០ ៨៤០ ៥៨៥។
ដើម្បីធានាបានតម្លាភាពនៅក្នុងជំនួបនេះ, ក្រសួងយុត្តិធម៌ សូមអញ្ជើញអ្នកសារព័ត៌មាន មេត្តាតាមដាន និងយកព័ត៌មានដោយផ្ទាល់ពីជំនួបនេះ ទៅតាមកាលបរិច្ឆេទ ដែលក្រសួងយុត្តិធម៌ នឹងជម្រាបជូនតាមក្រោយ បន្ទាប់ពីទទួលបានសំណើពីសំណាក់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលឆ្លើយតបទៅនឹងការអញ្ជើញ ជាសាធារណៈរបស់ក្រសួងយុត្តិធម៌។
អាស្រ័យហេតុនេះ សូមបណ្តាគណបក្សនយោបាយ, អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន មេត្តាជ្រាប ជាព័ត៌មាន តាមការគួរ ៕
ដោយ ៖ សិលា