ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាក់ថា យុវជនកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់ត្រូវបានរថយន្តកុងតឺន័រសណ្តោងកន្ទុយកិនពីលើស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទី នៅចំណុចមុខបុរីសន្តិភាព២ ផ្លូវ៣០ម៉ែត្រ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការបង្ហើបរបស់មន្ត្រីកងរាជអាវុធហត្ថជាមិត្តរួមការងារបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះព្រិន្ទបាលឯក ឃួន វិសាល កាលនៅមានជីវិតគឺជាមនុស្សសុភាពរាបសា ស្រឡាញ់ការងារ គោរពវិន័យ គោរពពេលវេលា មានការស្រឡាញ់រាប់អានពីមិត្តភក្តិជុំវិញខ្លួននិងបងប្អូនសាច់ញាតិគ្រប់ៗគ្នា។ ជិត៣ឆ្នាំចុងក្រោយនេះ លោកព្រិន្ទបាលឯក ឃួន វិសាល បានទទួលបេសកកម្មរួមជាមួយក្រុមការងារចុះការពារនិងរៀបចំសណ្តាប់ធ្នាប់នៅមន្ទីរពេទ្យហ្លួងម៉ែ ដែលត្រូវបានដាក់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ រហូតដល់ស្ថានភាពបានធូរស្រាលទើប មណ្ឌលព្យាបាលត្រូវបានបិទ តែបេសកកម្មរបស់លោកព្រិន្ទបាលឯក ឃួន វិសាល នៅតែបន្តយាមការពារសម្ភារបរិក្ខារព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លួងម៉ែដដែល។
លោកព្រិន្ទបាលឯក ឃួន វិសាល អាយុ៣០ឆ្នាំ នៅលីវមិនទាន់មានភរិយា ជាកូនច្បង មានប្អូនស្រីវិបល្លាសស្មារតីចាកចោលផ្ទះ ឪពុកទើបតែទទួលអនិច្ចកម្មថ្មីៗ ហើយម្តាយធ្លាក់ខ្លួនឈឺព្រោះតែមានទុក្ខក្រៀមក្រំមិនទាន់អាចធ្វើចិត្តបំភ្លេចប្តីបាន។
ដោយចិត្តកតញ្ញូ លោកព្រិន្ទបាលឯក ឃួន វិសាល ខំឆ្លៀតសុំច្បាប់ប្រធានក្រុម ដើម្បីបានទៅកំដរមើលថែលួងលោមម្តាយ តែមិននឹកស្មានថាបែរក្លាយទៅជាជួបរឿងអកុសលគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ត្រូវរថយន្តធុនធំបុកនិងកិនស្លាប់ តាមទៅកំដរឪពុកដែលទើបអនិច្ចកម្ម ធ្វើឱ្យអ្នកម្តាយកាន់តែខ្លោចចិត្តខ្លាំងទ្វេឡើង។
ដោយក្តីអាណិតអាសូរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក ព្រមទាំងលោកស្រីជាភរិយាបានចាត់ក្រុមការងារនាំយកថវិកាចំនួន៤លានរៀល ទឹកសុទ្ធ ៣០កេសចូលរួមបុណ្យសពលោកព្រិន្ទបាលឯក ឃួន វិសាល និងបានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព។
ជាមួយគ្នានោះដែរ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានចាត់ក្រុមការងារនាំយកថវិកា២លានរៀលចូលរួមបុណ្យសពនិងបានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពដូចគ្នា។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បាននាំយកថវិកា២០លានរៀល ទឹកសុទ្ធរួមនឹងភេសជ្ជៈ៣០កេស អង្ករ៤ការុង ទៅប្រគល់ឱ្យក្រុមគ្រួសារសពសម្រាប់រៀបចំធ្វើបុណ្យ និងជាបន្តមិត្តរួមការងារក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចូលបុណ្យបន្ថែមរួមជាមួយថវិកាមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលផ្តួចផ្តើមដោយនាយឧត្តមសេនីយ៍ សៅ សុខា នឹងប្រគល់ជូនគ្រួសារសពតាមក្រោយផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការសោកស្តាយជាអនេក ដោយសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ព្រោះការបាត់បង់លោកព្រិន្ទបាលឯក ឃួន វិសាល ដែលជាយុវជនមានឆន្ទៈប្តូរផ្តាច់ចំពោះជាតិមាតុភូមិ ជាធនធានមនុស្សដ៏កម្រក្នុងកងរាជអាវុធហត្ថ និយាយជារួមជាធនធានដ៏សំខាន់សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញនិងនិយាយដោយឡែកគឺជាកូនល្អក្នុងគ្រួសារ ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា, លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកលោកស្រី, លោក ឃួង ស្រេង ព្រមទាំងបងប្អូនកងរាជអាវុធហត្ថទាំងអស់ដែលតែងតែគិតគូរពីសុខទុក្ខ ដល់កងកម្លាំង ជាពិសេសបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសពសមាជិក អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
ដោយ ៖ សហការី