ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីផ្អាកផ្គត់ផ្គង់ឧស្ម័នហ្គាសដល់ ប្រទេសឡាត់វៀ

ចែករំលែក៖

ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ី នៅថ្ងៃទី៣០ខែកក្កដា បានផ្អាកផ្គត់ផ្គង់ថាមពលជាផ្លូវការដល់ប្រទេសសមាជិកអឺរ៉ុបគឺប្រទេស ឡាត់វៀ(Latvia) ដោយសារតែប្រទេសនេះបានបំពានលក្ខខណ្ឌថាមពល។
សារព័ត៌មាន RT បានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុន Gazprom របស់រុស្ស៊ីដែលបានប្រកាសថា «ថ្ងៃនេះ Gazprom បានផ្អាកផ្គត់ផ្គង់ថាមពលហ្គាសដល់ប្រទេសឡាតវៀហើយ ដោយសារតែប្រទេសនេះបំពានលក្ខខណ្ឌពីការទិញឧស្ម័ន» ។ ក្រុមហ៊ុនមិនបានបញ្ជាក់ថា ប្រទេសនេះបំពានលក្ខខណ្ឌអ្វីនោះឡើយ។
សកម្មភាពខាងលើរបស់ប្រទេសឡាត់វៀ កើតឡើងក្រោយពេលប្រធានក្រុមហ៊ុនថាមពលប្រេង Latvijas Gaze លោក Aigars Kalvitis ប្រកាសថា ប្រទេសឡាត់វៀបន្តទិញថាមពលពីរុស្ស៊ីដដែល ហើយទូទាត់ដោយប្រាក់អឺរ៉ូ។ កាលពីដើមខែកក្កដានេះប្រទេសឡាត់វៀក៏បានចេញច្បាប់ហាមទិញថាមពលពីរុស្ស៊ីចាប់ពីថ្ងៃទី ១ខែមករាឆ្នាំ២០២៣តទៅ ។
កាលពីខែមីនាប្រធានាធិបតីពូទីន បានចេញច្បាប់ដល់បណ្តាប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី នឹងត្រូវទូទាត់តម្លៃថាមពលដោយប្រាក់រុស្ស៊ី ។ ការសម្រេចខាងលើក្នុងគោលដៅ តបតទៅនឹងប្រទេសដែលបានបង្កកទ្រព្យសម្បត្តិរុស្ស៊ី ។ មកទល់ពេលនេះរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ប្រទេសប៉ូឡូញ ប៊ុលហ្គារី ហ្វាំងឡង់ ហុល្លង់ ដាណឺម៉ាក់ ដែលមិនព្រមទូទាត់តម្លៃថាមពលដោយប្រាក់រុស្ស៊ី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ RT


ចែករំលែក៖