ខេត្តពោធិ៍សាត់ ៖ ពិតជាសំណាងណាស់ដែលកុមារាម្នាក់ត្រូវបានពស់វែកដំបូកខាំ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានឪពុកម្តាយបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះទាន់ពេលវេលា ។
ហេតុការណ៍គ្រោះថ្នាក់ពស់វែកខ្លាំកុមារាខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៦ព្រលប់ៗ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ននៅត្រង់ចំណុចផ្ទះឪពុកម្ដាយកុមារារងគ្រោះ ស្ថិតនៅភូមិព្រែកទី-១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក ឈួន ដោងរិទ្ធី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ដែលត្រូវជាឪពុកកុមារារងគ្រោះបានឲ្យដឹងនៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នេះថា កូនប្រុសរបស់គាត់ដែលរងរបួសត្រូវបានពស់វែកខាំនោះ ឈ្មោះ ឈួន បញ្ញា អាយុ ១១ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្ន រស់នៅក្នុងបន្ទុករបស់លោក។
លោក ឈួន ដោងរិទ្ធី ជាឪពុកបន្តទៀតថា មុនកើតហេតុៈ នៅវេលាខាងលើ កូនប្រុសរងរបួសបានដើរចុះដើរឡើងក្នុងផ្ទះក្បែរតុបាយមួយ ស្រាប់តែត្រូវមានពស់វែកដំបូកមួយកកបាលប៉ុនមេជើងមិនដឹងលូនចូលផ្ទះពីអង្កាល់បានខាំចំខ្នងជើងខាងស្ដាំកូនប្រុសគាត់តែម្ដង ។ក្រោយពស់ខាំកូនប្រុស(ឈួន បញ្ញា)បានស្រែកប្រាប់ថាសត្វឆ្មាខាំខ្ញុំហើយ…ព្រោះឮសំឡេងវ៉ាវ ភ្លាមនោះក៏នាំគ្នារកមើលសត្វឆ្មាទាំងកូនស្រែកថា ចុកណាស់ ។ពេលនោះគាត់និងក្រុមគ្រួសារនាំគ្នាងឿងឆ្ងល់ ខណៈពុំឃើញសត្វឆ្មានៅក្បែរ ក៍បើកឈើ និងកម្ទេចកម្ទីផ្នែកខាងក្រោមតុបាយនោះ ទើបឃើញសត្វពស់វែកដំបូក១ក្បាលកំពុងបើកពពែយ៉ាងសាហាវ ។ ភ្លាមៗនោះក៍នាំគ្នាវាយរហូតងាប់ ទើបបញ្ជូនកូនប្រុសមកមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ប៉ុន្តែដោយសារនៅមន្ទីរបង្អែកនោះ ពុំមានសម្ភារគ្រប់គ្រាន់ ទើបក្រុមគ្រូពេទ្យបានជួយសម្រួលបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោក បញ្ជាក់ទៀតថា បច្ចុប្បន្ន រូបគាត់ និងភរិយា កំពុងសម្រាកកំដរកូនប្រុសរងរបួស ខណៈក្រុមគ្រូពេទ្យកំពុងព្យាល ហើយកូនប្រុសរបស់គាត់ក៏ធូរស្រាលហើយដែរ នៅឈឺតែមុខរបួស(ខាំ)ប៉ុណ្ណោះ ។ ក្នុងនោះលោក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានមើលថែ និងជួយសង្រ្គោះកូនប្រុសរបស់គាត់ ថែមទាំងៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរួមជាតិទាំងអស់ បង្កើនការប្រយ័ត្នផ្ទះសម្បែងរបស់យើង មានស្មៅដុះច្រើន និងមានគំនរសម្ភារក្នុងផ្ទះច្រើន មេត្តាឧស្សាហ៍បោសសម្អាតញឹកញាប់ ជាពិសេសជាងនេះអ្នករស់នៅក្បែៗអូរឬស្ទឹងជាដើម មានគាត់ជាគំរូតែម្ដង ។ ក្នុងនោះក៏មានការណែនាំពីគ្រូពេទ្យផងដែរ បើត្រូវសត្វពស់ពិសខាំឬចឹកកុំយកវត្ថុផ្សេងៗបិតលើមុខរបួសឲ្យសោះ ហើយលួងជនរងគ្រោះកុំឲ្យដេកផងដែរ និងត្រូវដឹងអំពីប្រភេទពស់ពិសនោះថែមទៀតកាន់តែល្អ ដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះ ៕
ដោយ ៖ ប៉ឹម ពិន