ខេត្តកំពង់ស្ពឺ៖ ព្រោះតែឥទ្ធិពលគ្រឿងញៀនធ្វើឱ្យឪពុកក្លាយជាឃាតកសម្លាប់កូនបង្កើតខ្លួនឯងដែលមានអាយុទើបបាន៥ខែ។
យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានឱ្យដឹងថា អំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកថ្ពងបានឱ្យដឹងទៀតថា ទារកដែលរងគ្រោះនេះមានឈ្មោះ ធី ខេមរា អាយុ៥ខែ ត្រូវបានស្លាប់បន្ទាប់ពីឪពុកឈ្មោះ បឿន រ័ត្នធី អាយុ២៩ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានប្រើអំពើហិង្សាវាយដោយដៃបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង ជាំថ្ងាស ផុងលលាដ៏ក្បាលផ្នែកគុម្ពត្រចៀកខាងស្តាំ ខណៈដែលម្តាយទារករងគ្រោះរវល់ទៅធ្វើស្រែបាត់ពីផ្ទះ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុកភ្លាមៗយកមកអធិការដ្ឋាននគរបាលស្រុកថ្ពង។
បើតាមសម្តីរបស់ស្ត្រីជាម្តាយទារករងគ្រោះបាននិយាយថា ពេលដែលគាត់ត្រឡប់ពីស្ទូងស្រូវវិញមកដល់ផ្ទះបុរសជាប្តីប្រាប់ថា កូនមានជំងឺអត់ស្រួលទើបយកកូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ហើយគ្រូពេទ្យប្រាប់ថា ជនរងគ្រោះមានជំងឺសួតធ្ងន់ធ្ងរ ឱ្យបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ លុះ ពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់ក៏យកកូនត្រឡប់មកផ្ទះវិញ ។
ស្ត្រីជាប្រពន្ធមានការសង្ស័យដោយឃើញកូនមានស្នាមផុងលលាដ៏ក្បាល ជាំថ្ងាស និងបាក់ដៃឆ្វេង ក៏ប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចឱ្យជួយស៊ើបអង្កេតធ្វើកោសលវិច័យទើបដឹងថាជាអំពើហិង្សាដោយឪពុកជាអ្នកប្រព្រឹត្ត។ ក្រោយមកសមត្ថកិច្ចក៏ឃាត់ខ្លួនជនដៃដល់ជាឪពុកនោះយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា