ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវប្រជាកសិករ នៅឃុំកំពង់គោ ប្រមាណជិត ២០០០ ហិកតា ត្រូវទទួលរងការលិចលង់ដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្រូវប្រជាកសិករចំនួន០៥ភូមិ នៅក្នុងនោះមាន ភូមិបូពឹង ភូមិខ្សាច់ជីរស់ ភូមិកំពង់គោលើ  ភូមិកំពង់គោក្រោម និងភូមិកោះគ្របបាយ ដែលភូមិទាំងអស់នេះស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ កំពុងទទួលរងការលិចលង់ដោយសារតែ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យទឹកស្ទឹងសែនឡើងយ៉ាងខ្លាំង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

      តាមការរៀបរាប់របស់ប្រជាកសិករដែលធ្វើស្រែនៅតំបន់នោះឱ្យដឹងថា ជារៀងរាល់ឆ្នាំ ពុំដែលមានទឹកធំធ្វើឱ្យខូចផលដំណាំស្រូវរបស់ពួកគាត់នោះទេ ទើបតែឆ្នាំនេះស្ថានភាពទឹក បង្កផលប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។ ពួកគាត់រៀបរាប់បន្តទៀតថា កាលពីរដូវទឹកសម្រកពួកគាត់អាចធ្វើស្រូវ យ៉ាងហោចណាស់ក៏បាន៧តោន ក្នុង១ហិកតា ប៉ុន្តែឆ្នាំនេះពួកគាត់ធ្វើស្រូវបានត្រឹមតែ ៣តោនប៉ុណ្ណោះ ក្នុង១ហិកតា ដោយសារតែការលិចលង់ ច្រូតមិនទាន់ ទើបធ្វើឲ្យពួកគាត់ច្រូតស្រូវបានតិចតួច។ ម្យ៉ាងវិញទៀតចំពោះតម្លៃស្រូវបច្ចុប្បន្ន ពួកគាត់លក់បាន០១គីឡូក្រាម តម្លៃ៦០០៛ ទៅ៧០០៛ ដោយឆ្នាំមុនពួកគាត់លក់បាន០១គីឡូក្រាម តម្លៃ ៨០០៛ ទៅ ៩០០៛ផងដែរ។ កត្តាទាំងអស់នេះហើយ ធ្វើឲ្យពួកគាត់មានការត្អូញត្អែរ ដោយសារតែបញ្ហាតម្លៃស្រូវចុះទាប  ពួកគាត់ជួបផលពិបាកក្នុងការផ្គត់ផ្គង់ ទ្រទ្រង់តម្លៃទីផ្សារខ្ពស់នៃតម្រូវការប្រើប្រាស់ ដូចជាជី  ប្រេង និង ថ្នាំ ។

      ជាមួយគ្នានេះ លោក តឿ ផល្លា ជំទប់ទី១ ឃុំកំពង់គោ ក៏បានបញ្ជាក់ឱ្យដឹងដែរថាស្រូវរបស់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រខាងលើនេះ  ពិតជាត្រូវបានលិចលង់ អស់ប្រមាណជិត២០០០ហិកតា។ ដូចនេះក្នុងនាមលោក ជាអាជ្ញាធរដែនដី  សូមអំពាវនាវ ដល់មន្ទីរពាក់ព័ន្ធនានា ជាពិសេស មន្ទីរធនធានទឹក ឧតុនិយម ជួយចុះពិនិត្យដល់តំបន់អូរតូចឡាក ស្ថិតក្នុងភូមិសាស្រ្ត ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ ។  ដើម្បីស្នើសុំជួយដោះស្រាយធ្វើទ្វារទឹកធារាសាស្ត្រ  ដើម្បីឱ្យប្រជាកសិករអាស្រ័យផលនៅរដូវទឹកឡើង ជាតម្រូវការពេលស្រូវរបស់ពួកគាត់មិនទាន់ប្រមូលផលអស់  គឺយើងមានទ្វារទឹកសម្រាប់បិទ លុះប្រជាកសិករប្រមូលផលអស់ហើយយើងបើកទ្វារទឹកវិញ  ដើម្បីឲ្យទឹក និង ត្រីចរាចរណ៍ចេញចូលទៅមកធម្មតា ។

      ដោយឡែក លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ឱ្យដឹងដែរថាលោកបានជ្រាបព័ត៌មាន នៃការលិចលង់ស្រូវប្រជាកសិករ ជិត២០០០ហិកតា នេះហើយ ពេលនេះដែរអាជ្ញាធរស្រុក កំពុងតែរក ដំណោះស្រាយជូនប្រជាពលរដ្ឋ ៕

ដោយ៖ សហការីកំពង់ធំ


ចែករំលែក៖