ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បំភ្លឺ​ចំពោះ​សំណូមពរ​របស់​ពលរដ្ឋ​ដល់​សមត្ថកិច្ច​ជួយ​ចា់តវិធានការ​ ទៅ​លើ​ក្រុម​ជិះ​ម៉ូតូ​ទាក់​ឆ្កែ​ពេល​យប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​មុខកំពូល​

ចែករំលែក៖

  ខេត្ត​កណ្ដាល​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យដឹងថា​ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មាន​ខ្លឹមសារ​ថា​ ៖​ គោរព​ជម្រាបសួរ​ កាលពី​ម៉ោង​៣:០១​នាទី​ អម្បាញ់មិញ​នេះ​ ខ្ញុំ​បានឃើញ​ផ្ទាល់​ភ្នែក​ មាន​ចោរ​ទាក់​ឆ្កែ​២​ម៉ូតូ​ អូស​ឆ្កែ​កាត់មុខ​ផ្ទះ​ខ្ញុំ​។​ ម៉ូតូ​ខាង​មុខ​អូស​ឆ្កែ​(​ឆ្កែ​ពណ៌​ត្នោត​)​ ម៉ូតូ​មួយទៀត​ជិះ​ពីក្រោយ​ ។​ សូម​បង​ជួយ​ចាត់​កម្លាំង​ចុះ​អន្តរាគមន៍​រឿង​មួយ​នេះ​ផង​ព្រោះ​សកម្មភាព​បាន​ធ្វើ​ដដែលៗ​រាល់ថ្ងៃ​រាប់​ឆ្នាំ​មក​ហើយ​ (​សូ​ម្បី​តែ​ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​បាន​ចោរ​ទាក់​ឆ្កែ​របស់ខ្ញុំ​ដែរ​)​ ។​ ជា​ចុង​ក្រោយ​ខ្ញុំ​សង្ឃឹមថា​ខាង​បង​ នឹង​ចុះ​បេសកកម្ម​លើ​រឿង​នេះ​ឆាប់ៗ​ ។​ សូម​អរគុណ​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​មុខកំពូល​ ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ខាងលើ​។​ 

​ជា​លទ្ធផល​ ៖​ ជា​រៀង​រាល់​យប់​ លោក​វរសេនីយ៍ឯក​ ឯក​ លន់​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ បាន​បែងចែក​កម្លាំង​អន្តរាគមន៍​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​០៧​ និង​កម្លាំង​ប្រជា​ការពារ​ បាន​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ ដូច​ជា​បទល្មើស​គ្រឿងញៀន​ លួច​ ឆក់​ ប្លន់​ និង​ក្រុម​ជនសង្ស័យ​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ​។​ កន្លង​មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ប្រដេញ​ និង​បង្ក្រាប​ក្រុម​ជនសង្ស័យ​ដើរ​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​មក​ហើយ​ ដោយសារ​ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ​៦​ ធំ​ទូលាយ​ធ្វើ​ឱ្យ​ជនសង្ស័យ​មានឱកាស​រត់គេច​ខ្លួន​បាន​។​ 

​រហូត​មក​ដល់​វេលា​ម៉ោង​ ២រសៀល​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២២​ ​ កម្លាំង​អន្តរាគមន៍​ស្រុក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ និង​កម្លាំង​ប្រជា​ការពារ​ចេញ​ល្បាត​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ​ ក៏​បាន​ជួប​ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់​ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​ ធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ​ នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ស្ពាន​ទី​១៣​ ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​។​ ឃើញ​ដូច្នេះ​ជនសង្ស័យ​និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​គេច​ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ដេញ​តាម​ហើយ​ជនសង្ស័យ​០១​នាក់​ បាន​ផ្ដួល​ម៉ូតូ​រត់គេច​ ក្នុង​ពេល​នោះ​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​០១​នាក់​ ឈ្មោះ​ ជួន​ លាង​ម៉េ​ង​ រួម​និង​វត្ថុ​តាង​ ចំណែក​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ នឹង​ម៉ូតូ​ចំនួន​០១​គ្រឿង​ទៀត​ បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​។​ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ និង​វត្ថុ​តាង​ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ធ្វើការ​សាកសួរ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ៖​ ខ្លួន​និង​បក្ខពួក​ចំនួន​០៣​ទៀត​ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​។​ ដោយឡែក​ មុខសញ្ញា​ដែល​រត់គេច​ខ្លួន​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាត់ការ​តាម​នីតិវិធី​ ។​ អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​ ៕

ដោយ​៖សហការី​


ចែករំលែក៖