នៅថ្ងៃទី៣១ខែកក្កដា អគ្គលេខាធិការអង្គការ(OPEC) លោក Haitham al-Ghais បានលើកឡើងពីតួនាទីយ៉ាងសំខាន់ របស់រុស្ស៊ីនៅក្នុងអង្គការ OPEC និងបណ្តាប្រទេសដៃគូ OPEC+។
ឆ្លើយតបទៅនឹងបទសម្ភាសន៍លើសារព័ត៌មាន Alrai លោក Haitham al-Ghais បញ្ជាក់ថា រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ដល់ភាពជោគជ័យរាល់កិច្ចព្រមព្រៀង ស្តីពីថាមពល។ លោកបន្តទៀតថា អង្គការOPEC នឹងមិនប្រកួតប្រជែងជាមួយរុស្ស៊ីនោះឡើយ ហើយក៏បានហៅរុស្ស៊ីថាជា«អ្នកលេងធំ មានឥទ្ធិពលយ៉ាងខ្លាំងនៅលើផែនទីថាមពលពិភពលោក»។
ពាក់ព័ន្ធនឹងតម្លៃថាមពល លោក Haitham al-Ghais បានលើកឡើងថា អង្គការOPEC មិនអាចគ្រប់គ្រងតម្លៃប្រេងនោះឡើយ ។ ប៉ុន្តែអង្គការនេះមានតួនាទីកែទម្រង់ទីផ្សារ និងការផ្គត់ផ្គង់ថាមពល ។ លោកបន្តទៀតថា ស្ថានភាពបច្ចុប្បន្ននៅលើទីផ្សារថាមពលពិតជាចលាចល។
លោក Haitham al-Ghais បន្តទៀតថា តម្លៃប្រេងឡើងថ្លៃនាពេលនេះមិនត្រឹមតែពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែននោះឡើយ គឺមានកតាជាច្រើនទៀត ហើយតម្លៃប្រេងបានឡើងថ្លៃមុនពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែនទៅទៀត៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA