ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតម្នាក់ត្រូវរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX បុកស្លាប់ ខណៈពេលជិះម៉ូតូឆ្លងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសជានិស្សិតសាលាកូរ៉េម្នាក់ ត្រូវបានរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX ១គ្រឿងបើកបុកម៉ូតូពីក្រោយ ផ្ទប់ខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ បន្ទាប់មកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅតាមមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅមុខសាលាពហុបច្ចេកទេសកម្ពុជាហៅ (សាលាកូរ៉េ) ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ នុត វុឌ្ឍី អាយុ៣០ឆ្នាំ និស្សិតសាលាពហុបច្ចេកទេសកម្ពុជាហៅ (សាលាកូរ៉េ) មានទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក YAMAHA ធុនធំ ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IF-6047 ធ្វើដំណើរក្នុងទិសដៅឆ្លងផ្លូវពីជើងទៅត្បូង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះក៏មានរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3B-1069 បើកបរដោយបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ស្របទិសមកពីក្រោយ បណ្តាលឲ្យបុកម៉ូតូផ្ទប់ខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅសម្រួលមិនឲ្យមានការកកស្ទះចរាចរណ៍ ព្រមទាំងរាយការណ៍បន្តទៅកាន់ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចុះទៅធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ព្រមទាំងប្រគល់សាកសពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖