ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ាសម្រេចពន្យារពលស្ថានភាពអាសន្នបន្ថែម៦ខែទៀត

ចែករំលែក៖

នៅថ្ងៃទី៣១ខែកក្កដា គណៈកម្មការការពារជាតិនិងសន្តិសុខ មីយ៉ាន់ម៉ា បានសម្រេច បន្តស្ថានភាពអាសន្ននៅក្នុងប្រទេសរយៈពេល៦ខែទៀត ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ។
តាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ាបានកំណត់ថា ស្ថានភាពអាសន្នក្នុងប្រទេសមិនអាចអនុវត្តលើសពីពីរឆ្នាំនោះឡើយ ។ ការប្រកាសអាសន្នទូទាំងប្រទេសលើកដំបូងអូសបន្លាយរយៈពេល១ឆ្នាំ ហើយបន្តពន្យារពេលពីរលើកកន្លងមក ដោយមួយលើកៗមាន៦ខែ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២បានផ្សាយថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានយល់ព្រមបន្តដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពអាសន្នរយៈពេល៦ខែបន្ថែមទៀត ខណៈដែលអំពើហិង្សា និងការបះបោរនៅក្នុងប្រទេសមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់ឡើយ។
សារព័ត៌មាន Global New Light of Myanmar បានបញ្ជាក់ដូច្នេះថា «សមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ទលើសំណើបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែបន្ថែមទៀត នៅក្រោមផ្នែក៤២៥ នៃរដ្ឋធម្មនុញ្ញ»។
របបយោធាមីយ៉ាន់ម៉ារបស់លោក មីន អោងឡាំង បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាពអាសន្នជាលើកដំបូង បន្ទាប់ពីធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖