ភ្នំពេញ៖ កញ្ញាឯកយុវតីវ័យក្មេងពីកម្មវិធី Teen Star Cambodia 2022 បានចាកចេញពីកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Teen Star International 2022 នៅទីក្រុងបាងកកប្រទេសថៃហើយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២នេះ។
មុនឡើងយន្តហោះនាងសន្យាក្នុងការនាំយកសមត្ថភាព ទេពកោសល្យ និងសិល្បៈវប្បធម៌ជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិមួយនេះ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយវិស័យប្រកួតសម្រស់ និងកញ្ញាឯកកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។ យុវតីសំអុល អែនណាអូមី Teen Star Cambodia 2022 ដែលក្លាយជាបេក្ខជនដំបូងតំណាងឲ្យកម្ពុជា បានឡើងយន្តហោះចេញទៅប្រកួតក្នុងកម្មវិធីអន្តរជាតិនេះចាប់ពីថ្ងៃទី០១ខែសីហា ដល់ថ្ងៃទី០៧ ខែសីហាឆ្នាំ ២០២២នេះ ។ អ្វីដែលពិសេសនាងបានត្រៀមរួចជាស្រេចគ្រប់យ៉ាង ពិសេសការត្រៀមបង្ហាញឈុតសិល្បៈទេពកោសល្យក្បាច់គុណល្បុក្កតោដែលនាងខិតខំហ្វឹកហាត់ជាច្រើនឆ្នាំ និងការបង្ហាញឈុតតំណាងជាតិពិសេសមួយឆ្នៃពីគ្រាប់ធញ្ញាជាតិប្រកបដោយអត្តន័យ។ ក្នុងជំនួបផ្ទាល់នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ យុវតីសំអុល អែនណាអូមី បានបញ្ជាក់ថានាងពិតជារីករាយដែលទទួលបានឱកាសពិសេសតំណាងជាតិមាតុភូមិ។ អ្វីដែលនាងត្រៀមនោះគឺការហ្វឹកហាត់ទាំងការដើរ ការឆ្លើយសំណួរ ពិសេសការហាត់សមឈុតក្បាច់គុណល្បុក្កតោដែលនាងបានរៀនជាច្រើនឆ្នាំកន្លងមកហើយដើម្បីបង្ហាញលើវេទិកាប្រកួតមកពីជាង៣០ប្រទេសនោះ។យុវតីរូបនេះលើកឡើងដែរថា នាងក៏ត្រៀមទាំងសម្លៀកបំពាក់គ្រប់ទម្រង់ដើម្បីសម្របទៅតាមកម្មវិធីនានាដែលតម្រូវឲ្យ បូករួមទាំងឈុតតំណាងជាតិ ដែលនាងនឹងបង្ហាញជាមួយនឹងការច្នៃយ៉ាងពិសេសពីក្រុមអ្នកជំនាញនូវទម្រង់សម្លៀកបំពាក់បុរាណច្នៃ ដែលរំលេចចេញពីគ្រាប់ធញ្ញជាតិ ដោយនឹងបង្ហាញពិភពលោកឲ្យបានដឹងកាន់តែច្បាស់ថាកម្ពុជាគឺជាប្រទេសមានសក្កដានុពលផ្នែកកសិកម្ម និងអាចទាក់ទាញចិត្តក្រុមអ្នកវិនិយោគទុនបន្ថែមទៀតសម្រាប់មកវិនិយោគនោះ។ យុវតីវ័យ១៦ឆ្នាំរូបនេះលើកឡើងថា នាងក៏នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីដណ្តើមយកជ័យលាភីមកជូនជាតិមាតុភូមិ បើទោះបីជានេះគឺជាលើកទី១សម្រាប់ជិវិតនាងក៏ដោយ ហើយនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕
ដោយ ៖ វឌ្ឍនា