ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចប្រជុំក្រុមបច្ចេកទេសអន្តរក្រសួងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី លើកទី១១ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដោយវត្តមានលោក-លោកជំទាវតំណាងក្រសួង-ស្ថាប័នមួយចំនួនដែលពាក់ព័ន្ធ។
កិច្ចប្រជុំបានលើកយកខ្លឹមសារបន្តពីកិច្ចប្រជុំលើកទី១០ កាលពីខែកក្ដដា ឆ្នាំ២០២២ យកមកពិភាក្សា ដោយធ្វើការកែសម្រួលលើពាក្យបច្ចេកទេសមួយចំនួន បន្ទាប់ពីទទួលបាននូវការចូលរួមជាយោបល់ និងធាតុចូលពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រោយទទួលបានការសម្របសម្រួលពីលោកប្រធានអង្គប្រជុំ កិច្ចប្រជុំបានផ្អាកការពិភាក្សាវែកញែក ត្រឹមមាត្រា១៥នៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី ហើយខ្លឹមសារដែលនៅសេសសល់នឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលក្រោយបន្តទៀត៕
ដោយ៖សហការី