ព័ត៌មានទាន់ហេតុការណ៍៖

យុវជនខ្មែរម្នាក់ បបួលមិត្តភក្តិខ្មែរ២នាក់មករកត្រីក្នុងអូរ លង់ទឹកស្លាប់ នៅខេត្តសមុទ្រប្រាកាន

ចែករំលែក៖

ប្រទេសថៃ ៖ កម្លាំងសមត្ថកិច្ច រួមជាមួយអ្នកមុជទឹករបស់មូលនិធិ នឹងសាច់ញាតិជនរងគ្រោះ នាំគ្នាផ្អើលឈូឆររុករកសពយុវជនម្នាក់ទៅរកត្រីលង់ទឹកស្លាប់ក្នុងអូរកាលពីវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី៣១កកក្កដា២០២២។សេចក្ដីរាយការណ៍ថាៈ កម្លាំងសមត្ថកិច្ចថៃស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន បានទទួលសេចក្ដីរាយការណ៍មកថា មានបុរសខ្មែរម្នាក់លង់ទឹកអូរសុវណ្ណភូមិ ក្នុងភូមិ៩ ឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ កម្លាំងសមត្ថកិច្ច រួមជាមួយអ្នកមុជទឹករបស់មូលនិធិ នឹងសាច់ញាតិជនរងគ្រោះ ធ្វើដំណើរទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានប្រទះឃើញអ្នកភូមិជាច្រើន ដែលចេញមកអង្គុយស្ទូចត្រីនៅមាត់អូរខាងលើ បាននាំគ្នាឈរមើលទៅក្រោមស្ពាន ជាចំណុចដែលយុវជនខ្មែរខាងលើលង់បាត់ទៅតាមទឹក បន្ទាប់ពីចុះទៅចាប់ត្រីជាមួយមិត្តភក្តិ២នាក់ទៀត នឹងធ្វើឲ្យអស់កម្លាំងបានបាត់ទៅតាមទឹករយៈពេលជាង១ម៉ោង។

ក្រុមអ្នកមុជទឹករបស់មូលនិធិសរុបចំនួន៨នាក់ បានចុះទៅមុជរកក្នុងទឹករយៈពេល២០នាទី ទើបបានជួបសាកសពយុវជនខាងលើនៅកណ្ដាលអូរ ដែលមានជម្រៅជាង១០ម៉ែត្រ។ សពរងគ្រោះមានឈ្មោះ តាន់ វ៉ៃលីន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បន្ទាប់ពីសមត្ថកិច្ចរកឃើញនិងបង្កើតគណៈកម្មកាពិនិត្យសពនៅតាមរាងកាយមិនឃើញមានស្នាមរបួស ឬស្លាកស្នាមជារកណីឃាតកម្មឡើយ។ ក្រោយពីធ្វើការសាកសួរមិត្តភក្តិដែលជាជនជាតិខ្មែរ តាមរយៈអ្នកបកប្រែ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានហៅមិត្តរួមការងារដែលជាជនជាតិខ្មែរដូចគ្នា២នាក់ទៀត មកចាប់ត្រីក្នុងអូរខាងលើ ដោយអ្នកទាំង៣ទៅដោយប្រើដៃទទេរ ទៅចាប់ត្រីក្នុងអូរដែលជាកន្លែងកើតហេតុ នឹងបានហែលទឹកទៅមកជាច្រើនលើក ចាប់ត្រីក្នុងព្រៃស្មៅមាត់អូរ រួចជនរងគ្រោះបានហែលទឹកឆ្លងអូរមកម្ខាងទៀតដើម្បីចាប់ត្រីក្នុងព្រៃស្មៅមាត់អូរ ខណៈដែលហែលទឹកមកដល់កណ្ដាលអូរក្រោមស្ពានឆ្លងអូរខាងលើ ស្រាប់តែជនរងគ្រោះក៏បាត់ទៅក្នុងទឹក មិត្តភក្ដិដែលមកជាមួយបានជួយគ្នាមុជស្វែងរកយ៉ាងយូរ តែរកមិនឃើញ រហូតអ្នកភូមិដែលឃើញហេតុការណ៍ បានទូរស័ព្ទសុំការជួយសង្រ្គោះពីសមត្ថកិច្ច។

ជំហានដំបូង សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជនរងគ្រោះខណៈដែលហែលទឹកឆ្លងមកដល់កណ្ដាលអូរក៏អស់កម្លាំង ដោយសារទឹកកណ្ដាលអូរត្រជាក់ខ្លាំង ទើបធ្វើឲ្យជនរងគ្រោះលិចក្នុងទឹកនឹងស្លាប់។យ៉ាងណាក៏ដោយ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវរកការពិតម្ដងទៀត ដើម្បីដំណើរការតាមច្បាប់បន្ត៕ចំណែកសពបានប្រគល់ជូនសាច់ញាតិយកមកធ្វើបុណ្យ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖