ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកកំពង់រោទ៍ទទួលបានរថយន្តដឹកសំរាមម៉ាក isuzu ១គ្រឿងពីក្រសួងបរិស្ថាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍ នៅព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០២២បានដាក់ឱ្យដំណើការរថយន្តដឹកសំរាមម៉ាក់ isuzu ១គ្រឿង ដែលទទួលបានពីក្រសួងបរិស្ថានតាមរយៈគម្រោង៣សេវា ៣គាំទ្រ (៣ស៣គ) ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួងបរិស្ថាន។

    ពិធីទទួលរថយន្តដឹកសំរាមនេះមានការចូលរួមពីលោកពេញ ទិត្ថារ៉ា និងលោកអភិបាលរងស្រុកព្រមទាំងមន្ត្រីរាជការជុំវិញស្រុកផងដែរ។

    លោកសុច ពិសី បានថ្លែងថា ការប្រគល់រថយន្តពីក្រសួងបរិស្ថានដល់រដ្ឋបាលស្រុកកំពង់រោទ៍នេះគឺសម្រាប់ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមទីប្រជុំជនស្រុក ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្រុក ប្រកបដោយប្រសិទ្ធភាព តម្លាភាព សំដៅធានាបាននូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

    ជាមួយគ្នានេះអភិបាលស្រុកកំពង់រោទ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាដែលបានផ្តល់រថយន្តដឹកសំរាមនេះជូនរដ្ឋបាលស្រុកដើម្បីប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងនៅក្នុងទីប្រជុំជនស្រុកកំពង់រោទ៍ទាំងមូល។

    លោកសុច ពិសីក៏បានអរគុណលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងដែលបានដឹកនាំចង្អុលបង្ហាញ និងអរគុណមន្ទីរបរិស្ថានខេត្តដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរស្រុកធ្វើឱ្យរដ្ឋបាលស្រុកទទួលបាននូវរថយន្តដឹកសំរាមមួយគ្រឿងនេះដើម្បីចូលរួមចំណែកនៅក្នុងការសម្អាតបរិស្ថាននៅក្នុងទីប្រជុំជនស្រុកទាំងមូលឱ្យបានល្អប្រសើរស្របតាមអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

    គួរបញ្ជាក់ឱ្យដឹងថា រថយន្តដឹកសំរាមនេះនឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯងឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖