ព័ត៌មានទាន់ហេតុការណ៍៖

«ដើមបូព្រឹក្ស»ចំនួន ១៥០ដើម ត្រូវបានយកមករៀបចំដាំនៅតាមបណ្តោយសងខាងផ្លូវឆ្លងកាត់ភូមិព្រះដាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា, «ដើមបូព្រឹក្ស»ចំនួន ១៥០ដើម ត្រូវបានយកមករៀបចំដាំនៅតាមបណ្តោយសងខាងផ្លូវឆ្លងកាត់ភូមិព្រះដាក់ ដោយសមាជិកានៃសមាគមកាយឫទ្ធិនារីខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា, «បូព្រឹក្ស»គឺជាប្រភេទដើមឈើធំដែលមានផ្កាចេញជាាពណ៌ផ្កាឈូកស្រទន់ទៅតាមរដូវ ដែលមិនគ្រាន់តែផ្តល់ភាពបៃតងនៅតាមដងផ្លូវដែលសម្បូរទៅដោយភ្ញៀវទេសចរឆ្លងកាត់នោះទេ តែក៏នឹងបន្ថែមសម្រស់ដ៏ស្រស់បំព្រងដល់ភូមិព្រះដាក់នៅពេលដែលដើមទាំងនេះធំលូតលាស់ចេញជាផ្កាម្តងៗផងដែរ។ ១០ឆ្នាំក្រោយ សកម្មភាពក្នុងថ្ងៃនេះនឹងក្លាយទៅជាអនុស្សាវរីយ៍ពណ៌ផ្កាឈូកមួយ ដែលនឹងនាំមកនូវស្នាមញញឹម និងមោទនភាពដល់រាល់អ្នកបានចូលរួមដាំគ្រប់ៗគ្នា។ 

លោកបន្តថា, កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទិ្ធនារីកម្ពុជា និងមានការអញ្ជើញចូលរួមដាំដោយតំណាងសមាជិកាគាំទ្រ សមាជិកសកម្ម ក្រុមកន្ទុំរុយ និងអ្នកគ្រូបង្គោល សរុបជាង ៧០ នាក់ ដឹកនាំដោយ លោកស្រី ធៀង កតិកា ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថា, ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមថ្លែងអំណរគុណចំពោះ សមាគមកាយឫទិ្ធនារីកម្ពុជា និងលោកជំទាវអគ្គស្នងការ ដែលតែងតែបានផ្តល់ឱកាសដល់កុមារី និងយុវតីនៅក្នុងស្រុកបន្ទាយស្រីបានចូលរួមសកម្មភាពនានា ទាំងការអភិវឌ្ឍខ្លួន និងការចូលរួមសកម្មភាពសង្គម ៕

ដោយ ៖ សិលា


ចែករំលែក៖