ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្គាល់ទឹកធ្លាក់អូរម្លូ តំបន់ទេសចរណ៍ធម្មជាតិល្បីល្បាញមួយនៅកម្ពុជា

ចែករំលែក៖

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែង នៃតំបន់ទេសចរណ៍ធម្មជាតិជីផាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ តំបន់ទឹកធ្លាក់ នៅក្នុងរដូវនេះ កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រង នៅកណ្ដាលព្រៃភ្នំ។ អ្នកទេសចរណ៍គ្រប់វ័យ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង បានមកកម្សាន្តឥតដាច់។

សូមជម្រាបថា​ គោលបំណងរបស់រាជរដ្ឋភិបាលកម្ពុជា គឺធ្វើយ៉ាងណាប្រែក្លាយតំបន់ការពារធនធានធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ឱ្យក្លាយជាកន្លែងទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានោះ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ក្រសួង​ ក៏​បាន​បង្ហាញ​ពី​ស្ទឹងដំណាក់ក្បូន នារដូវវស្សា ដែលស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។

ស្ទឹងដំណាក់ក្បូនមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវទៅអូរសោម ដែលធ្វេីឱ្យអ្នកទេសចរណ៍  និងអ្នកដំណេីរតាមផ្លូវនេះ  បានទស្សនាផ្ទាំងទស្សនីយ៍ភាព ដ៏ល្អឯកនៃដងស្ទឹង  អមជាមួយដេីមឈេីឈរអមសងខាង  និងទទួលបានអារម្មណ៍ស្រស់ស្រាយ ខ្យល់បរិសុទ្ធពីធម្មជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖