ព័ត៌មានទាន់ហេតុការណ៍៖

វគ្គបំប៉នស្ដីពីនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈសម្រាប់សាលាបណ្ដាញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDPII) បានរៀបចំវគ្គបំប៉នស្ដីពី នីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈសម្រាប់សាលាបណ្ដាញដល់នាយក/នាយិកា នាយករង/នាយិការង និងហេរញ្ញិក នៅថ្ងៃ០២ ខែសីហា ឆ្នាំ២០២២ នៅ វិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ 

សូមបញ្ជាក់ថា, ពិធីបើកវគ្គបណ្ដុះបណ្ដាល បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាប្រធានគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។ សិក្ខាកាមដែលបានចូលរួមអញ្ជើញមកពីសាលាបណ្តាញក្នុងខេត្តចំនួន៤ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តរតនគិរី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ។ 

សូមជម្រាបថា ការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈមានគោលបំណង គ្រប់គ្រងសាលារៀនសាធារណៈប្រកបដោយគណនេយ្យភាពលើការគ្រប់គ្រងថវិកា និងធានាបានភាពឆ្លើយតបទៅនឹងសមិទ្ធផលសិក្សារបស់សិស្ស។ ការបង្កើតឱ្យមានគោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការគ្រប់គ្រងមូលនិធិនៅតាមសាលារៀនសាធារណៈ គឺជាការចាំបាច់បំផុតដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាអប់រំ ក្នុងគោលដៅពង្រីកសេវាអប់រំដល់សិស្សានុសិស្សងាយរងគ្រោះ បង្កើនអត្រាគង់វង្ស និងអត្រាបញ្ចប់ការសិក្សាពិសេសទៅគ្រឹះស្ថានមធ្យមសិក្សា៕ 

ដោយ ៖ សិលា


ចែករំលែក៖