ព័ត៌មានទាន់ហេតុការណ៍៖

វេជ្ជបណ្ឌិតផ្នែកវះកាត់ក្លាយជាមេដឹកនាំភេរវកម្មអាល់កៃដា ពេលនេះត្រូវអាមេរិកសម្លាប់ទៀតហើយ

ចែករំលែក៖

ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ាបានសម្លាប់មេដឹកនាំភេរវកម្ម អាល់កៃដា លោកអូសាម៉ា ប៊ីនឡាដិន ។ នៅពេលនេះ លោកចូ បៃឌិន ក៏បានបន្តសម្លាប់មេដឹកនាំភេរវកម្មអាល់កៃដាផងដែរ គឺលោក Al-Zawahiri ដែលបន្តតំណែងពីប៊ីនឡាដិន ។
កម្លាំងទាហានអាមេរិកកាលពីថ្ងៃទី៣១ខែកក្កដា បានវាយប្រហារតាមដែនអាកាសសម្លាប់មេដឹកនាំភេរវកម្មអាល់កៃដា លោក Ayman al-Zawahiri ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ នៅអាមេរិក ។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា មេដឹកនាំអាល់កៃដា Ayman al-Zawahiri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់តាំងពីOsama bin Laden ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក។
សូមបញ្ចាក់ថា លោកអៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ដែលធ្លាប់ជាគ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបម្នាក់ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថាជាអ្នកជួយរៀបចំផែនការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានផ្ដាច់ជីវិតមនុស្សជិត ៣,០០០នាក់។ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ទៅជាង២៥លានដុល្លារសម្រាប់ក្បាលអាល់ហ្សាវ៉ាហ៊ីរី៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ AP)


ចែករំលែក៖