សមាគមបាល់ទាត់អង់គ្លេស (FA) បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីមានអណ្តាតភ្លើងត្រូវបានចេះចេញអំឡុងពេលក្រុម Liverpool ឈ្នះ Manchester City ៣–១ ក្នុងការប្រកួតពានរង្វាន់ Community Shield កាលពីថ្ងៃសៅរ៍កន្លងទៅ។
គ្រាប់បាល់ស៊ុតបញ្ចូលទីពី Trent Alexander-Arnold, Mohamed Salah និង Darwin Nunez បានជួយ Liverpool ឈ្នះការប្រកួតមុនរដូវកាលថ្មីនៅឯកីឡដ្ឋាន King Power ដែលជាកន្លែងមានផ្សែងក្រហមគ្របដណ្ដប់លើទីលានប្រកួត។
FA បានប្រកាសថា “យើងដឹងពីឧប្បត្តិហេតុក្នុងអំឡុងពេល FA Community Shield ដែលអណ្តាតភ្លើង ត្រូវបានប្រើប្រាស់នៅកន្លែងឈរ។ ការប្រើប្រាស់គ្រាប់បែកផ្សែង ឬ pyrotechnic នៅក្នុងកីឡដ្ឋានបាល់ទាត់គឺមានគ្រោះថ្នាក់ ខុសច្បាប់ ហើយអាចមានផលវិបាកធ្ងន់ធ្ងរ” ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “យើងអាចបញ្ជាក់បានថា យើងកំពុងស៊ើបអង្កេតរឿងនេះ ហើយនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្លិប និងប៉ូលីសដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធ ហើយយើងនឹងចាត់វិធានការសមស្រប។ យើងរំពឹងថាក្លិបនឹងស៊ើបអង្កេតឧប្បត្តិហេតុទាំងនេះផងដែរ ហើយនឹងអនុវត្តច្បាប់ថ្មីនៅកន្លែងដែលអាចអនុវត្តបាន”។
គួរបញ្ជាក់ថា FA, Premier League និង Football League កាលពីសប្តាហ៍មុនបានប្រកាសដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងសម្រាប់ការលុកលុយទីលាន និងការប្រើប្រាស់គ្រាប់បែកផ្សែង និង pyrotechnic ហើយបានប្រកាសហាមប្រាមក្លិបសម្រាប់បទល្មើសក្នុងទីលាននេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)