ព័ត៌មានទាន់ហេតុការណ៍៖

នាយរងសេនាធិកងទ័ពជើងគោក លំហាត់របៀបកងយោធពលខេមរភូមិន្ទ ដើម្បីលើកកំពស់សមត្ថភាពយល់ដឹង និងលើកស្ទួយកិត្យានុភាព កងយោធពលខេមរភូមិន្ទ

ចែករំលែក៖

 ភ្នំពេញ  ៖ នេះជាប្រសាសន៍លើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ កងទ័ពជើងគោក ក្នុងពិធីបើកវគ្គបំប៉នលំហាត់របៀប របស់កងយោធពលខេមរភូមិន្ទ ជូនដល់ នាយ- ពលទាហាន ការិយាល័យទី៥ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅកងឯកភាពសិល្បះយោធាភារម្យ ការិយាល័យទី៥ កងទ័ពជើងគោក ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានបន្តទៀតថា អនុវត្តន៍សេចក្តីសំរេច ស្តីពីការអនុញ្ញាតិ ឲ្យប្រើប្រាស់ឯកសារលំហាត់របៀប របស់ កងយោធពលខេមរភូមិន្ទ  និងអនុវត្តន៍ផែនការហ្វឹកហ្វឺនរបស់គណៈកម្មការកងទ័ពជើងគោក ឆ្នាំ២០២២ ដើម្បីលើកកំពស់សមត្ថភាពយល់ដឹងដល់នាយទាហាន ពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ និយាយរួម និងនិយាយដោយឡែកយោធិនគ្រប់រូបការិយាល័យទី៥ កងទ័ពជើងគោកទាំងអស់ លើផ្នែកលំហាត់ឲ្យកាន់តែមានភាពម៉ឺងមាត់ សណ្តាប់ល្អ និងឯកភាពគ្នាពិសេសដើម្បីលើកស្ទួយកិត្យានុភាព ខភម កាន់តែប្រសើរឡើងថែមទៀត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានគូសបញ្ជាក់ថា លំហាត់របៀបកងយោធពលខេមរភូមិន្ទ គឺជាក្បួនច្បាប់មួយសម្រាម់យោធិនគ្រប់រូបត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ រាល់កាយវិការចាប់ពីបុគ្គលរហូតដល់កងឯកភាព ។ ពិព្រោះឯកសារលំហាត់របៀបនេះ ក៏បានចែង និងរៀបចំឡើងដោយផ្អែកតាមច្បាប់លក្ខន្តិកៈទូទៅរបស់ ខភម  និងអនុក្រិត្យស្តីបទវិន័យទូទៅរបស់ ខភម ។ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានសង្កត់ធ្ងន់ថា យោធិនគ្រប់រូប នៃខភម តម្រូវឲ្យហ្វឹកហាត់ស្ទាត់រាល់កាយវិការ និងខ្លឹមសារ ដើម្បីលើកស្ទួយវិន័យថ្លៃថ្នូរ និងធ្វើឲ្យមានការឯកភាពគ្នាតែមួយ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គ ត្រូវគោរពវិន័យសាលាឲ្យបានម៉ឺងម៉ាត់បំផុត ត្រូវគោរពវិន័យ គោរពពេលវេលារៀនសូត្រ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹងគ្រប់មុខវិជ្ជា មានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ សង្ឃឹមថាបញ្ចប់វគ្គទទួលបានលទ្ធល្អប្រសើរ ។

តាមរបាយការណ៍លោកវរសេនីយ៍ត្រី ថា សៅសុភ័ក្ត្រ នាយរងផ្នែកលេខាធិការដ្ឋាន ការិយាល័យទី៥ កងទ័ពជើងគោក បានឲ្យដឹងថា បើកវគ្គបំប៉នលំហាត់របៀប របស់កងយោធពលខេមរភូមិន្ទ មាននាយទាហាន ពលទាហានចូលរួមរៀនសូត្រចំនួន ៤០នាក់ ,គ្រូយោធាចារ្យចំនួន ០៦នាក់ , សិក្សារយះពេល ០៤ខែ ចាប់បើកពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២ ។ សិក្សាលើខ្លឹមសាមេរៀនរួមមាន៖ ផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ , ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ , កសាងជីវភាពចិត្តសាស្ត្រ កងយោធពលខេមរភូមិន្ទ ,ប្រវត្តិសង្ខេបកងយោធពលខេមរភូមិន្ទ ,តួនាទី ភារកិច្ចកងយោធពលខេមរភូមិន្ទ , សង្គ្រាមចិត្តសាស្ត្រ , ការប្រើប្រាស់ និងដោះអាវុធAK47 , ច្បាប់ស្តីពីលក្ខន្តិកៈ ១០ អនុក្រិត្យស្តីពីបទវិន័យសម្រាប់កងយោធពលខេមរភូមិន្ទ , ទម្រង់លិខិតរដ្ឋបាល , ឯកសារលំហាត់របៀប ៕

ដោយ ៖ សិលា


ចែករំលែក៖