ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖​ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការ​រំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ចែករំលែក៖

 ភ្នំពេញ ៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ម្សិលមុិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន​អញ្ជើញចូលរួមពិធី​រាត្រីស្រមោសរដើម្បី​ប្រមូលថវិការសម្រាប់​ជួយដល់​ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ី​ប្រចាំ​កម្ពុជា(MBCC) និងអាជ្ញាធរមីនកម្ពុជា(CMAA) នៅណាហ្គាវើល រាជធានី​ភ្នំពេញ។

ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ លោក បណ្ឌិត បានមាន​ប្រសាសន៍ថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេសដែលជោគជាំដោយស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយ​ក្នុង​ចំណោមប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ហើយ​ជោគជ័យនេះសម្រេច​ទៅបានដោយកិច្ចខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រោមចក្ខុវិស័យ​​ដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ព្រមជាមួយនឹងការចូលរួម​យ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន​ទូទាំងប្រទេស។ មកទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពេញលេញ មិនមានការស្លាប់​បាត់បង់ជីវិតដោយសារសង្គ្រាម តែកាកសំណល់សង្គ្រាម និង​គ្រាប់យុទ្ធភ័ណ​មិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខតាម​យាយី​ ឆក់​យកអាយុជីវិត អវយវៈ និងឱកាសរបស់ប្រជាពលរដ្ឋពីការ​ចូលរួម​ពេញលេញក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។

កក្នុងឱកាសនោះដែរ លោក បណ្ឌិត បានបន្តថា ដោយស្មារតីរួបរួមសាមគ្គីគ្នា យើងនឹងបន្ត​ប្រែក្លាយ​ផ្ទៃដីដែល​មានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋ តាមរយៈ​ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការ​ដឹកនាំ​របស់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីអាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកង​យោធ​ពល​ខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីនក្នុង ឆ្នាំ២០២៥។ យើង​បេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការ​រំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ។ ជាចុងក្រោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ី​នៅកម្ពុជា ចំពោះទឹកចិត្ត​សប្បុរសធម៌ មនុស្ស​ធម៌ ក្នុង​ការ​ចូលរួមគាំទ្រដល់​សកម្មភាព​សម្អាត​មីននៅ​កម្ពុជា។

 គួរបញ្ជាក់ផងដែរថា ចាប់តាំពីឆ្នាំ១៩៩២មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានរំដោះដីដែលមានមីនទំហំ ២.៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញនិងបំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១,១៤០,៧៩៤ គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦,០៤៣ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន ៣,០០៣,៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៏ដល់ពលរដ្ឋចំនួន ៧,៣៦៣,៣៤៤ នាក់ សើ្មនឹង ៣,៣៦៤,៣៨៧ គ្រួសារ៕

ដោយ ៖ សហការី


ចែករំលែក៖