ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៉ិត សំហេង ៖ បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិត សំហេង លើកឡើងថា គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវវ័យអាចទៅបន្តការសិក្សាបាន។ 

បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាន និងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ  និស្សិតជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២២-២០២៣ ចំនួន២៤រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

លោកបណ្ឌិត អ៉ិត សំហេង បានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេងដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៉ិត សំហេង បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសជប៉ុន និងមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា មានមោទកភាព ដែលបានបង្កើតឱកាសនេះ ជូនដល់និស្សិតរបស់យើង ជាយុវជន ហើយជឿជាក់ថា ការសិក្សារបស់និស្សិតអាហារូបករណ៍ទាំងនេះ នឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មី មានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នង ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍។ 

លោកបណ្ឌិត អ៉ិត សំហេង បានរំលឹកពីប្រវត្តិខ្លះៗ ចាប់តាំងពីសម័យរំដោះ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាព ទៅតាមយុទ្ធសាស្ត្រ របស់សម្តេចតេជោ កាលពីមុនយើងមាន ផ្លូវ ទឹក ភ្លើង មនុស្ស តែឥលូវនេះ មនុស្សជាធនធានទីមួយ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើជូនដល់និស្សិតអាហារូបករណ៍ ក្រៅពីបទពិសោធន៍ដែលរៀននៅក្នុងសាលា ត្រូវស្វែងយល់ពីបទពិសោធន៍នានាបន្ថែមទៀត ចូលរួមសកម្មភាពសង្គម ធ្វើខ្លួនជាយុវជនបន្តវេនរបស់កម្ពុជា។ 

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យបានយល់ដឹងពីវិស័យនេះ ដោយមានកម្មវិធីអាទិភាពចំនួន៥ ដែលកំពុងអនុវត្តន៍ រួមមាន៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ ដែលបានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជាមានការរីកចម្រើន ដោះស្រាយបញ្ហាការងារ កម្មករនិយោជិតមានប្រាក់ចំណូលកាន់តែប្រសើរ ការគាំពារសង្គម រហូតដល់ពេលនេះ មានដល់ប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនកម្មករនិយោជិត ដែលពុំធ្លាប់មានពីមុនមកសោះក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ 

ជាចុងក្រោយ លោកបណ្ឌិត បានផ្តល់នូវព័ត៌មានខ្លះៗពីស្ថានភាពរបស់ប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនខ្ពស់ ប្រាក់ចំណូលក៏ខ្ពស់។ ជប៉ុនក៏ជាប្រទេសមានបទពិសោធន៍ច្រើនក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតអន្តរជាតិ ដូច្នេះ ទាមទារឲ្យនិស្សិតយើង ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន ត្រូវចេះយកអាសាគ្នាទៅវិញទៅមក ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩ និងត្រូវចូលរួមសកម្មភាពសង្គម ជួយផ្សព្វផ្សាយវប្បធម៌ជាតិ សភាពការណ៍ព័ត៌មានត្រឹមត្រូវពីក្នុងប្រទេសផងដែរ។ 

សូមជម្រាបជូនថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS នេះ ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅ ពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ជប៉ុន និងសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស គឺសម្រាប់មន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព និងសក្តានុពលខ្ពស់ក្នុងការរួមចំណែកអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានល្អប្រសើរនាពេលអនាគត៕

ដោយ ៖ សហការី


ចែករំលែក៖