ព័ត៌មានទាន់ហេតុការណ៍៖

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងារនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី៖ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,  នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត ដោយមានការចូលរួមពី អគ្គាធិការរងទទួលផែននាយកដ្ឋាន ប្រធាននាយករដ្ឋបាលសរុប ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងនាយរងការិយាល័យទាំងអស់ នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារនេះដែរ លោក អគ្គាធិការ បានណែនាំប្រធាននាយកដ្ឋានអំពីការរៀបចំបែងចែកភារកិច្ចដល់មន្ត្រី សូមពិនិត្យទៅតាមជំនាញ វិស័យរបស់មន្ត្រី ទើបការងារកាន់តែមានប្រសិទ្ធភាព និងលឿន។ បន្ថែមពីនេះទៀត ជាមន្ត្រីអធិការកិច្ច ត្រូវដឹងពីតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ មានគណនេយ្យភាពចំពោះការងារ និងធ្វើការងាររបៀបជាប្រព័ន្ធ ដោយត្រូវសហកាធ្វើការជាមួយគ្នា រក្សាសាមគ្គីភាព ចេះចែករំលែកចំណេះដឹង បទពិសោធន៍ តាមរយៈអ្នកចេះបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះជាដើម។

លោក អគ្គាធិការ បានលើកឡើងនូវអនុសាសន៍របស់សម្តេចក្រឡាហោម ពាក់ព័ន្ធនឹងមន្ត្រីដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកម្លាំងនគរបាលជាតិ ចំពោះមន្ត្រីអគ្គាធិការដ្ឋានជាមន្រ្តីនគរបាលទាំងអស់ ត្រូវចូលរួមវគ្គនេះឱ្យបានគ្រប់ៗគ្នា ប្រធាននាយកដ្ឋាន ត្រូវពិនិត្យជួយសម្របសម្រួលដល់មន្ត្រីចំពោះកិច្ចការនេះ និងស្នើសុំមន្ត្រីចូលរួមវគ្គត្រូវយកចិត្តទុករៀនសូត្រ ដើម្បីបានចំណេះដឹងថ្មីៗ លើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងជម្រុញការងារអង្គភាពកាន់តែល្អប្រសើរ ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ជាពិសេស សម្តេចក្រឡាហោម ដែលសម្ដេចបានបញ្ជាឱ្យរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។

លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានណែនាំបន្ថែមទៀតថា ត្រូវពង្រឹងគ្រប់គ្រងវត្តមានមន្ត្រី លើកទឹកចិត្តចំពោះមន្ត្រីសកម្ម និងពិនិត្យស្ថានភាពមន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ ដើម្បីធ្វើរបាយការណ៍ជូន ឯកឧត្តមជ្រាប។ ចំពោះមន្ត្រីដែលល្មើសនឹងវិន័យ សូមធ្វើការណែនាំអប់រំជាបន្តបន្ទាប់តាមនីតិវិធីរបស់កងកម្លាំង បើជាករណីធ្ងន់ធ្ងរ សូមលើកយោបល់ ដើម្បីចាត់វិធានការតាមបទបញ្ជាផ្ទៃក្នុងរបស់អគ្គាធិការដ្ឋាន និងច្បាប់ជាធរមាន៕

ដោយ ៖ សិលា


ចែករំលែក៖