ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើង ក្នុងរង្វង់៥.៣ភាគរយក្នុងឆ្នាំ២០២២នេះ ដោយសារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការវិលទៅរកភាពប្រក្រតីឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
នៅក្នុងរបាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ចេញផ្សាយកាលពីពេលថ្មីៗនេះ ធនាគារ ជាតិនៃកម្ពុជា លើកឡើងថា កំណើនសេដ្ឋកិច្ចនេះ បន្តគាំទ្រដោយវិស័យចម្បងៗ រួមមាន វិស័យកាត់ដេរ ដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។
នៅឆមាសទី១ឆ្នាំ២០២២នេះ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើង ដោយសារភាពធូរស្រាលនៃវិបត្តិកូវីដ១៩ ដែលអំណោយផលដល់ដំណើរការផលិតកម្ម ពាណិជ្ជ កម្ម ទេសចរណ៍ និងការវិនិយោគ។ ប៉ុន្តែកំណើនសេដ្ឋ កិច្ចមានល្បឿនយឺតជាងការរំពឹងទុកនិងខុសគ្នាទៅតាម តំបន់ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការចាប់ផ្តើមដកចេញនូវនយោបាយរូបិយវត្ថុ និងសារ ពើពន្ធវិត្ថារកម្ម ជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍។
លោកជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា នៅកម្ពុជាការចាត់វិធានការបង្ការជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ជាពិសេសការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំរបស់ប្រជាជនបានរហូតដល់ជាង ៩៤ភាគរយនៃចំនួនប្រជាជនសរុប បានធ្វើឱ្យស្ថាន ភាពជំងឺកូវីដ១៩ មានភាពធូរស្រាល ហើយរាជរដ្ឋាភិ បាលបានសម្រេចបើកប្រទេសឡើងវិញដោយដកចេញនូវវិធានការសុខាភិបាលនានាចំពោះភ្ញៀវទេសចរបរទេសចូលមកកម្ពុជា។
លោកជា ចាន់តូ ថ្លែងថា៖ កត្តាអំណោយក្នុងស្រុក គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក បានជំរុញការនាំចេញផលិតផលកម្មន្តសាល និងគាំទ្រដល់សកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ ត្រូវប៉ាន់ស្មានថា សម្រេចបាន ក្នុងរង្វង់ ៣ភាគរយ ដែលសាររាជរដ្ឋាភិបាល សម្រេចបានប្រទេស និងសកម្មភាពសង្គម សេដ្ឋកិច្ច ឡើងវិញ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ៕
ដោយ៖ សូរិយា