ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ​ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី​ RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបពិភាក្សាការងារ  ភាគីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ីរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងយល់ស្របគ្នាលើការងារមួយចំនួន ដើម្បីបន្តអនុវត្ត  គឺការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ប្រភេទ ជាពិសេសបទល្មើសជូញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅដោយបង្កើតយន្តការផ្លាស់ប្តូរព័ត៌មានបម្រើឲ្យការស៊ើបអង្កេត ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការបង្កើតឲ្យមានមន្ត្រីបង្គោលដើម្បីផ្តល់ព័ត៌មាន និងគំនិតផ្តួចផ្តើមបង្កើតអនុស្សារណៈយោគយល់គ្នា (MOU) ដែលជាមូលដ្ឋានសម្រាប់បម្រើឲ្យការចាត់តាំងអនុវត្ត និងគាំទ្រឲ្យក្រុមបចេ្ចកទេសកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បីស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ និងលុបបំបាត់ឲ្យដល់ឬសគល់នៃបណ្តាញឧក្រិដ្ឋជនជួញដូរមនុស្សទាំងនៅឥណ្ឌូនេស៊ី និងនៅប្រទេសកម្ពុជា។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានរំលឹកអំពីគុណបំណាច់របស់កងទ័ពឥណ្ឌូនេស៊ីក្នុងបេសកកម្មស្វែងរកសន្តិភាពជូនប្រទេសកម្ពុជាក្នុងទស្សវត្សទី៩០ផងដែរ។ 

ជាចុងក្រោយ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជូពរ លោកស្រី RETNO L.P MARSUDI និងសហការី ក្នុងការស្នាក់នៅកម្ពុជា សូមមានសុខភាពល្អ សប្បាយរីករាយ និងជោគជ័យក្នុងការបំពេញភារកិច្ច ៕

ដោយ៖ស​ តារា


ចែករំលែក៖