ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, នេះគឺជាថ្ងៃទី៤ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហើយខ្ញុំបានចូលរួមកិច្ចប្រជុំចំនួនពីរនៅរសៀលនេះគឺ កិច្ចប្រជុំនៃគណៈកម្មការតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា, ទោះបីជាយើងសង្កេតឃើញមាននិន្នាការដែលគួរឱ្យព្រួយបារម្ភមួយចំនួននៅក្នុងតំបន់នាពេលថ្មីៗនេះក្តី ខ្ញុំរីករាយដែលផែនការសកម្មភាពពង្រឹងការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនឹងត្រូវបានបន្តរយៈពេលប្រាំឆ្នាំទៅមុខទៀត។
ម្យ៉ាងវិញទៀត ឆ្នាំនេះគឺជាខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលត្រូវបានអនុម័តក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងទីក្រុងភ្នំពេញដូចគ្នានេះដែរ! ៕
ដោយ ៖ សិលា