ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តHYUNDAI H-1បើកបំពានភ្លើងស្តុបត្រូវរថយន្តMazda បុកពីចំហៀងពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តម៉ាកHYUNDAI H-1មួយគ្រឿងបានបើកបំពានភ្លើងស្តុប ត្រូវរថយន្តMazda បុកចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។

     គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបសាលាបឋមសិក្សាទួលគោកតាមបណ្ដោយផ្លូវលេខ២៨៩ កែងផ្លូវលេខ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI H-1មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2BL-6215 បើកតាមបណ្ដោយផ្លូវលេខ២៨៩ពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្តុបបំបែកជាបួនដែលជាកន្លែងកើតហេតុ រថយន្តបង្កក៏បានបំពានភ្លើងសញ្ញា ខណៈនោះក៏មានរថយន្តស៊េរីទំនើបម៉ាកMazdaមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-8155 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើតទៅលិចជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តHYUNDAI ពីចំហៀងខាងមុខផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។

     ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា តែខំប្រឹងជជែកគ្នាយកត្រូវរៀងៗខ្លួន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្តទៀត។ ក្រោយពីបានចរចាគ្នាអស់រយៈពេលជិតមួយម៉ោងមក ខាងរថយន្តHYUNDAIដឹងថាខ្លួនខុសក៏ព្រមព្រៀងយករថយន្តMazda ទៅជួសជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖