ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាកGRANVIAបុកនិងប៉ះម៉ូតូពីរគ្រឿងបណ្ដាលឱ្យក្មេងស្រីសិស្សសាលាម្នាក់របួសជើងម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTOYOTA  GRANVIA បត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿង ហើយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឱ្យក្មេងស្រីសិស្សសាលាម្នាក់របួសជើងម្ខាង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវហាណូយ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTOYOTA GRANVIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-0009 តាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានបត់ឆ្វេងដៃឆ្លងទៅផ្លូវលេខ១៩៦៦ដោយមិនមានការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូហុងដាស្គូពី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JB-4993 ជិះដោយក្មេងស្រីសិស្សសាលាម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងដោយបុកចំពីចំហៀងម៉ូតូផ្នែកខាងឆ្វេងបណ្ដាលឱ្យម៉ូតូដួលខ្ទាតទៅប៉ះម៉ូតូហុងដាស្គូពីមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1R-4471ជិះដោយបុរសនារីពីរនាក់តាមបណ្ដោយផ្លូវលេខ១៩៦៦ក្នុង ទិសដៅពីកើតទៅលិចខណៈដែលម៉ូតូនេះឈប់ចាំឆ្លងផ្លូវ បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឱ្យក្មេងស្រីសិស្សសាលាម្នាក់រងរបួសជើងម្ខាង។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់កន្លែងកើតហេតុ រួចបានឱ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នា តែភាគីទាំងអស់នោះសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយគ្នាបន្តនៅពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖