ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តព្រូសបុកលូដាក់អមការពារបង្គោលភ្លើងបែកអស់១កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តToyota Prius មួយគ្រឿងជ្រុលទៅបុកលូដាក់អមការពារបង្គោលភ្លើងបែកអស់១កង់ រីឯរថយន្តខូចខាតពីមុខផ្នែកខាងឆ្វេងបើកទៅមុខលែងរួច ។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៧១(បុរីសូនី) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BA-6857 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីលិចទៅកើតក្នុងល្បឿនលឿនគួរសម ហើយខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកខាងស្ដាំដៃបុកលូដែលគេដាក់អមការពារបង្គោលភ្លើងបែកអស់១កង់ និងធ្វើឱ្យរថយន្តបង្កខូចខាតពីមុខផ្នែកខាងស្ដាំយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួស ឡើយ។

      ក្រោយកើតហេតុ គេសង្កេតឃើញបុរសម្នាក់បានបើកទ្វារចេញពីក្នុងរថយន្តទាំងសភាពទ្រេតទ្រោត រួចក៏ឡើងជិះឡំប្រឺតាចេញទៅបាត់បន្សល់រថយន្តទុកនៅកន្លែងកើតហេតុឱ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖